ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានច្រានចោលជុំវិញការចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស៊ីគីឡូដើម្បីគិតលុយថែមពីអ្នកដំណើរ។ មន្រ្តីរូបនេះបានពន្យល់ថា ជញ្ជីងថ្លឹងទម្ងន់ដែលបំពាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាជញ្ជីងអេឡិចត្រូនិកស្វ័យប្រវត្តិ ហើយមាត្រដ្ឋានវាស់ខ្នាតត្រូវបានវាយតម្លៃពីគណៈកម្មការត្រួតពិនិត្យសុក្រិតភាព និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់ ឬលួចសារ៉េ ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
ការបកស្រាយនិងពន្យល់ខាថងលើនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានអ្នកដំណើរមួយរូបបានចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ស៊ីគីឡូ ដើម្បីគិតលុយថែមពីខ្លួន ដោយពេលនៅផ្ទះខ្លួនថ្លឹងបាន២៣គីឡូ ដែលពេលមកថ្លឹងនៅព្រលានយន្តហោះ មានទម្ងន់២៧គីឡូ និងតម្រូវឱ្យបង់លុយថែមចំនួន២គីឡូដែលលើស។ ទន្ទឹមនឹងនេះ ក៏អ្នកដំណើរម្នាក់ទៀតដែលអះអាងថា ខ្លួនក៏ធ្លាប់ជួបរឿងបែបនេះ កាលនៅព្រលានយន្តហោះចាស់ បានចោទប្រកាន់ថា នេះជាទង្វើររបស់បុគ្គលិកខ្មែរ ដែលចង់បានលុយថែមពីខ្លួន និងជាការប្រព្រឹត្តអំពើពុករលួយ។
លោក ស៊ីន ចាន់សេរីវុត្ថា បានលើកឡើងថា អ្វីដែលជាចម្ងល់ ថាតើអ្នកដំណើររូបនោះថ្លឹងជញ្ជីងមកពីណា តើមានការវាស់ខ្នាតបានត្រឹមត្រូវបានកម្រិតណា? ហើយប្រសិនគាត់នៅតែមានមន្ទិលសង្ស័យ អាចយកជញ្ជីងដែលគាត់ថ្លឹងពីផ្ទះ មកថ្លឹងផ្គូរផ្គងគ្នាជាមួយនឹងជញ្ជីងនៅព្រលានយន្តហោះបាន។
លោក ស៊ីន ចាន់សិរីវុត្ថា ក៏បានគូសបញ្ជាក់ថា ដើម្បីស្រាយមន្ទិលនេះ ប្រតិបត្តិករអាកាសយានដ្ឋានតេជោអន្តរជាតិ នឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះបន្ថែមទៀត ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដំណើររូបនោះផង និងកុំឱ្យប៉ះពាល់ដល់មុខមាត់ព្រលានយន្តហោះថ្មី ដែលជាសមិទ្ធផលដ៏អស្ចារ្យរបស់ជាតិផង។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ មានគោលការណ៍ក្នុងការកំណត់ចំនួនគីឡូរបស់អ្នកដំណើរនីមួយៗផ្សេងៗគ្នា ដូច្នេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរ ឬប្រតិបត្តិករណាមួយឡើយ តែជាសមត្ថកិច្ច និងការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ហើយប្រសិនបើគេថ្លឹងទៅឃើញលើស ឥវ៉ាន់នោះនឹងត្រូវដកចេញ ឬគិតលុយថែម៕