681 ezgif.com resize
Swift cc time

យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមកជាង ១៣មុឺនាក់ ចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បន្ទាប់ពីបានដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមក មានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ១៣៧ ៦៥៣នាក់។ ក្នុងនោះ មានសិស្សកំពុងសិក្សាចំនួន ៣៥ ៦៩២នាក់ និងសិស្សបានបញ្ចប់ការសិក្សាមានចំនួន ៥២ ៥២២នាក់។ ដោយឡែក សិស្សដែលបានទទួលការងារធ្វើបន្ទាប់ពីរៀនចប់មានចំនួន ២៥ ៩១៣នាក់។ នេះបើគិតត្រឹមខែសីហា ឆ្នាំ ២០២៥។

សម្រាប់ជំនាញក្នុងកម្មវិធីនេះ រួមមាន៖ ការងារកំបោរ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុអគារ, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, ការងារការ៉ូ, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការថែទាំ និងជួសជុលទូរសព្ទដៃ, ការជួសជុល និងថែទាំជណ្ដើរយន្ដ, ការបន្សីលោហៈ, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលរថយន្ដ, សេវាកម្មធនធានមនុស្ស, សេវាកម្មរដ្ឋបាល, សេវាកម្មកុំព្យូទ័រ, សេវាកម្មអតិថិជន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកាត់សក់បុរស, ការវាស់ភ្នែក និងកាត់កញ្ចក់វែនតា និងសេវាកម្មសម្អាងកាយ ជាដើម។

លោក ស៊ុន មេសា ក៏បានអំពាវនាវដល់យុវជន ជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ៕


Khcct banner

អត្ថបទទាក់ទង