ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និង Dalian University of Technology Press របស់ចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Dalian ដោយមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាអធិបតី។
ថ្លែងក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយវិស័យអប់រំដើរតួនាទីជាសសរស្តម្ភដ៏សំខាន់មួយ ដែលពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កិច្ចសហការនេះនឹងអនុវត្តការងារសំខាន់ៗជាច្រើន ដោយមាន សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ជាទីភ្នាក់ងារអនុវត្តនៅកម្ពុជា និង Dalian University of Technology Press ជាទីភ្នាក់ងារប្រតិបត្តិពីភាគីចិន។
កិច្ចសហការនេះនឹងផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ការកែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សា៖ ផ្ដោតលើការបង្កើនគុណភាព និងបញ្ចូលខ្លឹមសារវប្បធម៌រវាងប្រទេសទាំងពីរ។
- ការអភិវឌ្ឍស្ដង់ដារបច្ចេកទេស និងវិជ្ជាជីវៈ៖ បង្កើតប្រព័ន្ធវិញ្ញាបនបត្របច្ចេកទេស ដែលស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មនៅកម្ពុជា។
- ការបណ្ដុះបណ្ដាលគ្រូ និងកសាងសមត្ថភាព៖ ផ្លាស់ប្ដូរជំនាញ និងបច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពគ្រូបង្រៀន។
- ការស្រាវជ្រាវ និងបោះពុម្ពផ្សាយ៖ សហការលើការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយនានា។
- ការផ្លាស់ប្ដូរនិស្សិត និងអាហារូបករណ៍៖ ជំរុញការផ្លាស់ប្ដូរនិស្សិត និងផ្ដល់អាហារូបករណ៍ទៅវិញទៅមក។
- ការអប់រំឌីជីថល និងបៃតង៖ ស្វែងយល់ និងអនុវត្តការអប់រំតាមបែបឌីជីថល និងការអប់រំបៃតង ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុវជននៅសតវត្សរ៍ទី២១។
កិច្ចសហការនេះរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕