ភ្នំពេញ៖ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ នៅថ្ងៃស្អែកនេះ ទូទាំងប្រទេស ចាប់ពីម៉ោង៨ព្រឹកតទៅ។ ប្លែកពីរាល់ឆ្នាំ ឆ្នាំនេះបេក្ខជនទូទាំងប្រទេសនឹងអាចដឹងលទ្ធផលក្នុងថ្ងៃតែមួយ។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស នឹងត្រូវបានប្រកាសទាំងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ និងប្រកាសនៅតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ ទូទាំងប្រទេស នៅថ្ងៃទី ២០ កញ្ញា ២០២៥។ ការបូកពិន្ទុតាមកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ១៨ កញ្ញា ២០២៥។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់ ដែលក្នុងនោះមានថ្នាក់វិទ្យាសាស្រ្តប្រមាណ ៤ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមប្រមាណ ១០ម៉ឺននាក់។ ដូចនឹងឆ្នាំកន្លងទៅ លទ្ធផលប្រឡងនឹងឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ពោលគឺ «អ្នកចេះ គឺជាប់»៕