ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នាថ្ងៃទី១៩ ខែកញ្ញានេះ បានពិនិត្យទីតាំងរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីទល់មុខសាលាខេត្ត រហូតដល់ចំណុចស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងកើតស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ។
លោកអភិបាលខេត្តពោធិ៍សាត់ បានរៀបចំកែប្រែសោភណ្ឌភាពនៅក្នុងទីប្រជាជនក្រុងពោធិ៍សាត់ ពិសេសនៅតាមដងស្ទឹងពោធិ៍សាត់ ដែរឥឡូវនេះ កំពុងតែធ្វើជារៀងរាល់ថ្ងៃ គឺពាក់ព័ន្ធនឹងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំតាមច្រាំងស្ទឹង ដើម្បីឱ្យក្លាយជាសួន និងច្រាំងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។ ការរៀបចំច្រាំងស្ទឹងនេះឡើង គឺជាគុណប្រយោជន៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែងដល់ពុកម៉ែបងប្អូន អាចហាត់ប្រាណអង្គុយកម្សាន្តបានតាមដងស្ទឹង។
ក្នុងការរៀបចំនេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ បានចូលរួមតាមសំណូមពរ របស់អាជ្ញាធរ ស្ម័គ្រចិត្តរុះរើរោង ឬខ្ទម ងាយស្រួលដល់ការអភិវឌ្ឍន៍គម្រោង។ ជាការឆ្លើយតប លោកអភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាខិតខំប្រឹងរៀបចំច្រាំងស្ទឹង សួនច្បារ ដាំផ្កា តាំងភ្លើងលំអរនេះឡើង ដើម្បីប្រគល់ជូនទៅពួកគាត់វិញ សម្រាប់ប្រើប្រាស់អង្គុយកម្សាន្ត ដើរហាត់ប្រាណ និងជាពិសេសទាក់ទាញភ្ញៀវទេសចរ មកខេត្តពោធិ៍សាត់កាន់តែច្រើនឡើង៕