ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងផ្តល់ អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) ចំនួន ២២កន្លែង រយៈពេល ២ឆ្នាំ និងថ្នាក់បណ្ឌិត (Ph.D Degree) ចំនួន ២កន្លែង រយៈពេល ៣ឆ្នាំ ទៅសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៦។ អាហារូបករណ៍នេះ រ៉ាប់រង មធ្យោបាយធ្វើដំណើរទៅមកប្រទេសកម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃសិក្សា និងប្រាក់អាហារូបករណ៍។
យោងតាមគេហទំព័រក្រសួងអប់រំ លក្ខខណ្ឌនៃការជ្រើសរើសមានលក្ខណៈខុសគ្នាទៅតាមកម្រិតដែលសិស្សជ្រើសរើស ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចន្លោះពី២២ ដល់៣៩ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងមានសញ្ញាបត្របរិញ្ញាបត្រ (Bachelor's Degree), ចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាភាសាអង់គ្លេសជាយាន), បទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមក្រសួង ស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាតទេ), ជាពិសេស បេក្ខជនត្រូវមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ ចំណែកឯថ្នាក់បណ្ឌិត (Ph.D Degree) បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ និងជាមន្ត្រីរាជការ ដែលមាន អាយុក្រោម ៤៥ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) ក្រោមកម្មវិធីអាហារូបករណ៍ JDS។ បេក្ខជនត្រូវមានអត្ថបទត្រួតពិនិត្យយ៉ាងហោចណាស់មួយអត្ថបទ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី វិទ្យាសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិ ឬមានផែនការច្បាស់លាស់ នឹងបោះពុម្ពផ្សាយក្នុងកំឡុង ពេលដាក់ពាក្យ (ការវាយតម្លៃពីសាស្ត្រាចារ្យដឹកនាំ តម្រូវឱ្យមានជាចាំបាច់ក្នុងលិខិតណែនាំ)។
បើតាមប្រភពដដែល មុខជំនាញសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ការពង្រឹងការតភ្ជាប់, ការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល, ការអភិវឌ្ឍន៍វិស័យឯកជន, បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍កសិកម្ម, ការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្ស, ការកែលម្អមុខងាររដ្ឋបាល, ការអភិវឌ្ឍន៍ផ្នែកច្បាប់ និងតុលាការ, ការកសាងទំនាក់ទំនងអន្តរជាតិ។
បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ សូមបំពេញពាក្យ និងភ្ជាប់ឯកសារផ្សេងៗ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រឹមម៉ោង១៥:០០នាទី។ បេក្ខជនអាចស្វែងរកសេចក្តីណែនាំអំពីការដាក់ពាក្យ និងទាញយកឯកសារផ្សេងៗ នៅលើគេហទំព័រ JDS តាមរយៈ http://jds-scholarship.org/ ។ បេក្ខជនត្រូវមានប័ណ្ណសំគាល់មន្ត្រីរាជការស៊ីវិល ឬលិខិតបញ្ជាក់ពីក្រសួងសាមី បេក្ខជនដែលបំពេញការងារនៅតាមអង្គភាពគោលដៅ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យ ដោយជ្រើសរើសមុខវិជ្ជាសិក្សាណាមួយដែលសមស្រប(សូមមើលបញ្ជីមុខវិជ្ជាសិក្សា និងអង្គភាព គោលដៅ) បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យជ្រើសរើសលើសំណុំឯកសារ និងការសម្ភាស។
អាហារូបករណ៍នេះ នឹងមានរៀបចំកម្មវិធីសិក្ខាសាលាពន្យល់ណែនាំអំពីអាហារូបករណ៍ JDSដែលបេក្ខជនអាចស្វែងរកព័ត៌មានសិក្ខាលាសា មុខវិជ្ជាសិក្សា វីដេអូផ្សព្វផ្សាយ និងការចុះឈ្មោះចូលរួមសិក្ខា សាលាតាមតំណភ្ជាប់ដែលមាននៅលើគេហទំព័រ JDS។ កាលវិភាគសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ JDS មានដូចខាងក្រោម ៖
- ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ម៉ោង ៩:០០នាទី អនឡាញ
- ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ម៉ោង ៩:០០នាទី នៅ CJCC (បន្ទប់០៧ និង០៨)
- ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ម៉ោង ៩:០០នាទី អនឡាញ
ចំណែកឯ បឋកថាស្តីអំពី “របៀបសរសេរផែនការស្រាវជ្រាវ” នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ ម៉ោង ៨:០០នាទី នៅវិទ្យាស្ថានជាតិអប់រំ (អគារ H)។
បើតាមសេចក្តីជូនដំណឹង បេក្ខជនដែលមិនមែនជាក្រុមគោលដៅរបស់គម្រោងអាហារូបករណ៍ JDS មានដូចជា ៖ គ្រូបង្រៀន (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ PTTC RTTC TEC NIE NISE និង NIPSE) និងមន្ត្រីបម្រើការងារនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលក្រោមក្រសួង, បុគ្គលិកដែលបម្រើការងារនៅមន្ទីរពេទ្យ មន្ត្រីប៉ូលីស និងមន្ត្រីផ្នែកពន្លត់អគ្គិសភ័យ។ សម្រាប់ព័ត៌មានលម្អិតសូមពិនិត្យមើលឯកសារអង្គភាពគោលដៅដែលមាននៅលើគេហទំព័រ JDS។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យអាហារូបករណ៍ JICE JDS ដែលមានអាសយដ្ឋាន អគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (វិថីព្រះ ត្រសក់ផ្អែម) ទូរស័ព្ទលេខ ០១២ ៦៨១ ៦១១ ឬអ៊ីម៉ែល [email protected]៕