ភ្នំពេញ៖ និស្សិតមួយក្រុមមកពី AUPP នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បាន«ជ័យលាភីលេខ១» ក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ “រាជរដ្ឋាភិបាលកម្ពុជាគួរអនុវត្តក្រមប្រតិបត្តិស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងពាណិជ្ជកម្មឌីជីថល ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក” ដែលជាកម្មវិធីអមក្នុង«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២» រៀបចំដោយក្រសួងពាណិជ្ជកម្ម។
យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វេទិកាពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រនេះ គឺជាការប្រកួតរវាង៖ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ជាមួយ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (BELTEI IU) លើប្រធានបទ៖ រាជរដ្ឋាភិបាលកម្ពុជាគួរអនុវត្តក្រមប្រតិបត្តិស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងពាណិជ្ជកម្មឌីជីថល ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក។ មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមនិស្សិត AUPP បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយប្រកួតជាមួយនិស្សិតមកពីវិទ្យាស្ថាន CamEd ក្រោមប្រធានបទ៖ “ការផ្ដល់អាទិភាពលើអក្ខរកម្មឌីជីថលជាសកល គឺមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលនាពេលអនាគតរបស់កម្ពុជា ជាងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថលបែបទំនើប”។ និស្សិតមកពី AUPP មានចំនួន៤រូប ដែលបានចូលរួមកម្មវិធីប្រកួតនេះ មានឈ្មោះ លោក អុឹង សង្ឃរា កញ្ញា ហេង សុខឃាង លោក ម៉ូវ ដេវីដ និងលោក ពិសិដ្ឋ ទីវីរៈពង្ស។
បើតាមក្រសួងពាណិជ្ជកម្ម វេទិកាពិភាក្សាដេញដោលយុវជននេះ មានសាកលវិទ្យាល័យ/វិទ្យាស្ថាន ចំនួន៨ បានចូលរួម មានដូចជា៖ ១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ២.សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ៣.បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ៤.សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) ៥.សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ៦.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI IU) ៧.សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) និង ៨.វិទ្យាស្ថានខេមអេដ (CamEd)។
ក្នុងនោះផងដែរ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជន លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងសម័យឌីជីថល ព្រោះនេះគឺជាវេទិកាមួយដែលនឹងជួយជំរុញការផ្សព្វផ្សាយ និងការចូលរួមពីយុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា និងបំផុសគំនិតចូលរួមជាមួយសង្គម ព្រមទាំងសិក្សាស្វែងយល់ពីពាណិជ្ជកម្មឌីជីថល សំដៅរួមគ្នាកសាងអនាគតឌីជីថលដ៏ឆ្លាតវៃសម្រាប់កម្ពុជា។ លោក លើកទឹកចិត្តបន្ថែមឱ្យមានការចូលរួមប្រកួតប្រជែងពីយុវជនជំនាន់ក្រោយកាន់តែច្រើន នៅក្នុងកម្មវិធីជជែកដេញដោលយុវជនលើកក្រោយៗទៀត៕