ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាដែលទើបតែងតាំថ្មី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។ ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា និងគណៈប្រតិភូបារាំង នាថ្ងៃទី១១កញ្ញា។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយបច្ចេកទេសអ្នកជំនាញការបារំាង គម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដូចជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦ ដោយនឹងសហការរៀបចំយ៉ាងជិតសិទ្ធជាមួយភាគីមិត្តបារាំង។ នេះជាវេទិកាឱកាសដ៏ពិសេស ដើម្បីបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់ពិភពលោក ជាពិសេសបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី ប្រើប្រាស់ភាសាបារំាង។
លោកឯកអគ្គរដ្ឋទូត បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្រយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែង និងជាបន្តរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ទាំងផ្នែកសាធារណៈ និងឯកជន ក្នុងវិស័យសុខាភិបាល និងរួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕