ចិន៖ អដ្ឋិធាតុទាហានចិនស្លាប់ក្នុងសង្រ្គាមកូរ៉េក្នុងចន្លោះឆ្នាំ (១៩៥០-១៩៥៣) នៅថ្ងៃទី ១២ ខែ កញ្ញានេះត្រូវបានបញ្ជូនពីប្រទេសកូរ៉េទៅកាន់មាតុប្រទេសចិនវិញជាផ្លូវការ។ប្រទេសចិន និងកូរ៉េខាងត្បូងបានរួមគ្នាប្រារព្ធពិធីដ៏សំខាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីផ្ទេរអដ្ឋិធាតុ និងទ្រព្យសម្បត្តិរបស់ទាហានស្ម័គ្រចិត្តប្រជាជនចិនចំនួន ៣០ នាក់ ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានគូសបញ្ជាក់ថាពិធីប្រគល់អដ្ឋិធាតុលើកទី ១២ នេះបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ភាគខាងលិចនៃរដ្ឋធានីសេអ៊ូល ហើយមានការចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជនចិន Ma Feixiong និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងត្បូង Dai Bing.Dai ដោយមានការដាក់ទង់ជាតិរបស់ប្រទេសចិននៅលើមឈូសនៃអដ្ឋិធាតុហើយអ្នកចូលរួមទាំងអស់បានសម្តែងការគោរពវិញ្ញាណក្ខន្ធ។
តាមរយៈវីដេអូដដែលឆ្មាំកិត្តិយសចិនបានអមមឈូសទៅកាន់យន្តហោះកងទ័ពអាកាសចិន ដែលនឹងដឹកវីរបុរសចិនពលីត្រឡប់ទៅផ្ទះវិញ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសចិន និងកូរ៉េខាងត្បូងបានរួមគ្នាធ្វើពិធីប្រគល់អដ្ឋិធាតុយុទ្ធជនពលីរបស់ទាហានស្ម័គ្រចិត្តចិន CPV (People's Volunteer Army) អស់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា ដោយបានប្រគល់អដ្ឋិធាតុទាហានចិនសរុបចំនួន ១,០១១ នាក់ទៅកាន់មាតុភូមិចិនវិញ៕