Img 1426
Swift cc time

ក្រសួងសុខាភិបាល ប្ដេជ្ញាបន្តពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាងនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងបន្តពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។

ខាងលើនេះជាប្រសាសន៍លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោក នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល។ ទន្ទឹមគ្នានេះដែរ លោកបានគោរពស្នើសុំគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ទាំងសេវាសុខាភិបាលសាធារណៈ និងឯកជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាននិងកំពុងពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។

លោកសាស្រ្តាចារ្យបន្តថា ក្នុងនាមក្រសួងសុខាភិបាល លោកស្វាគមន៍ចំពោះកិច្ចសហការតាមបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យកិច្ចសហការនេះបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅឱ្យបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន៕


Khcct banner

អត្ថបទទាក់ទង