ភ្នំពេញ៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក ហើយកំណើននៃភាគរយនេះគឺខ្ពស់លើសគេនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ នៅក្នុងកម្មវិធីពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាម៉េរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៩០០ នាក់។ ក្នុងឱកាសនោះ លោកស្រី Sara Feuerstein បានថ្លែងថា៖ «តាមរយៈពិព័រណ៍ EducationUSA និស្សិតកម្ពុជាមានឱកាសពិសេស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដែលជំរុញការយល់ដឹងទៅវិញទៅមក និងផ្តល់លទ្ធភាពឱ្យមនុស្សជំនាន់ក្រោយអាចរួមចំណែកដល់ការរីកចម្រើនជាសាកល»។
ចំណែកនៅរាជធានីភ្នំពេញ លោកភារធារីស្ថានទូតអាម៉េរិក Benjamin Chiang និង លោក សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ បានប្រកាសបើកកម្មវិធីពិព័រណ៍ ដោយកាត់ខ្សែបូរ និងសំណេះសំណាលជាមួយតំណាងនៃសាកលវិទ្យាល័យនីមួយៗ ក្នុងពេលទស្សនាស្តង់ពិព័រណ៍នានា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកភារធារីស្ថានទូត Benjamin Chiang បានគូសបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំ និងកិច្ចសហការអន្តរជាតិ បង្ហាញពីបំណងប្រាថ្នារបស់យុវជនកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក»។ជារៀងរាល់ឆ្នាំ ពិព័រណ៍ EducationUSA ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតកម្ពុជាស្វែងយល់ពីឱកាសសិក្សាបន្ត នៅសហរដ្ឋអាមេរិក។
ក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមបានស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ស្វែងយល់អំពីដំណើរការសុំទិដ្ឋាការពីមន្រ្តីកុងស៊ុលនៃស្ថានទូតអាម៉េរិក និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាង ដែលមកពីស្ថាប័នអប់រំចំនួន ១០ នៅសហរដ្ឋអាមេរិក។ អ្នកតំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខណៈសម្បត្តិអាចចូលរៀនបាន និងដំណើរការដាក់ពាក្យចូលរៀន ដែលជំរុញឱ្យនិស្សិតបោះជំហានបន្ទាប់ដើម្បីសម្រេចគោលដៅសិក្សារបស់ពួកគេ។
ស្ថានទូតអាម៉េរិកនៅរាជធានីភ្នំពេញបានផ្សព្វផ្សាយឱកាសសម្រាប់ការសិក្សា តាមរយៈមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA ដោយឥតគិតថ្លៃនៅភ្នំពេញនាមជ្ឈមណ្ឌល AmCam Exchange និងខេត្តសៀមរាប នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជាសេវាកម្ម EducationUSA នៅគ្រប់បណ្ណាល័យសហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់ការណែនាំដោយផ្ទាល់ខ្លួន និងដោយឥតគិតថ្លៃ រាប់ពីដំណើរការដាក់ពាក្យសុំចូលរៀន ដល់ការរកសៀវភៅ និងឯកសារត្រៀម។ ស្ថានទូតអាម៉េរិកក៏ផ្តល់ផងដែរ នូវកម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងអាហារូបករណ៍ រៀបចំព្រឹត្តិការណ៍ទៀងទាត់តាមរយៈ បណ្ណាល័យអាម៉េរិក ទាំងបួនរបស់យើងនៅខេត្តបាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានចុះផ្សព្វផ្សាយព័ត៌មាននៅតាមសាលានៅទូទាំងប្រទេសកម្ពុជា៕