681 ezgif.com resize
Swift cc time

និស្សិតអាហារូបករណ៍ក្រសួងអប់រំ កញ្ញា អ៊ុំ សុផានីរ័ត្ន ចែករំលែក«គន្លឹះដាក់អាហារូបករណ៍»សិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ នៅ DMC

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
កញ្ញា អ៊ុំ សុផានីរ័ត្ន, និស្សិតអាហារូបករណ៍ក្រសួងអប់រំ សិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ នៅ DMC

ភ្នំពេញ៖ អាហារូបករណ៍ក្រសួងអប់រំ បានធ្វើឱ្យយុវនារីមកពីខេត្តកំពង់ចាម កញ្ញា អ៊ុំ សុផានីរ័ត្ន សម្រេចក្តីស្រមៃបន្តការសិក្សាជំនាញ«ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍» នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសាគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ រយៈពេល៤ឆ្នាំពេញ ដោយឥតគិតថ្លៃ។ មុននឹងអាចទទួលបានអាហារូបករណ៍នេះ កញ្ញាបានឆ្លងកាត់ដំណាក់កាលពីរក្នុងការប្រកួតប្រជែង គឺដំណាក់កាលប្រឡងសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។​

កញ្ញា អ៊ុំ សុផានីរ័ត្ន បានបញ្ចប់ការសិក្សាកម្រិតទុតិយភូមិ ឆ្នាំ២០២២-២០២៣ មកពីវិទ្យាល័យព្រែកដំបូក​ ខេត្តកំពង់ចាម។ ក្រោយការប្រឡងបាក់ឌុបចប់ កញ្ញាបានបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយបានអាហារូបករណ៍ស្នាក់នៅពីមូលនិធិហាប់ស្វែល ដែលជាកន្លែងផ្តល់ការស្នាក់នៅសម្រាប់សិស្សនារី ដែលមានការប្រកួតប្រជែងជាច្រើនដំណាក់កាល។ កញ្ញា បានដឹងពីអាហារូបករណ៍ក្រសួងអប់រំនេះ តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ។ បន្ថែមពីនេះ ដោយមានការណែនាំពីសិស្សច្បង កញ្ញាបានសម្រេចចិត្តដាក់អាហារូបករណ៍នេះ ជាមួយនឹងចំណង់ចំណូលចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការថតរូប និងការផ្សព្វផ្សាយព័ត៌មាន។

កញ្ញា សុផានីរ័ត្ន បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា អាហារូបករណ៍នេះ បានសម្រាលបន្ទុកគ្រួសាររបស់កញ្ញាជាច្រើន ដោយសារតែកញ្ញាពុំតម្រូវឱ្យចំណាយសម្រាប់ការបង់ថ្លៃសិក្សានោះឡើយក្នុងរយៈពេល៤ឆ្នាំពេញ។ កត្តាដែលជម្រុញដែលឲ្យកញ្ញាជ្រើសរើសជំនាញនេះពីព្រោះកញ្ញាស្រលាញ់ការបង្កើតអ្វីថ្មី ភាពច្នៃប្រឌិត ការថតរូប ឬ វីដេអូ ការកាត់តផ្សេងៗ ជាពិសេសកញ្ញាមានចំណង់ចំណូលចិត្តក្នុងការអានកាសែតព័ត៌មានដែលកើតមានឡើងទាំងក្នុងប្រទេស និង​ ក្រៅប្រទេស។​

កញ្ញា បានចែករំលែកថា ក្នុងនាមជាសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់ទុតិយភូមិកាលពីឆ្នាំសិក្សា ២០២២-២០២៣ អាហារូបករណ៍នេះមានកំណត់នូវលក្ខខណ្ឌមួយចំនួនដែលកញ្ញាអាចមានលទ្ធភាពដាក់ពាក្យបានរហូតជាប់ជាស្ថាពរនៅឆ្នាំសិក្សា២០២៤-២០២៥។ កញ្ញា បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះសិស្សដែលបានប្រឡងបាក់ឌុបឆ្នាំសិក្សាកន្លងមក អាចដាក់អាហារូបករណ៍នេះ ត្រូវមានអាយុមិនលើសពី២២ឆ្នាំ ហើយជាសិស្សដែលបានប្រឡងបាក់ឌុបជាប់ដោយមិនកំណត់និទ្ទេសនោះឡើយ សំខាន់គឺមានឆន្ទៈក្នុងការសិក្សាជំនាញមួយនេះ និងឆ្លងកាត់ការប្រកួតប្រជែង ដោយដាក់ស្នើអាហារូបករណ៍មកកាន់សាកលវិទ្យាល័យតាមពេលកំំណត់។ កញ្ញាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ អាហារូបករណ៍នេះ អនុញ្ញាតឱ្យសិស្សដែលបានជាប់បាក់ឌុបឆ្នាំកន្លងមកដែលពុំទាន់បានជាប់អាហារូបករណ៍ ចូលរៀនគ្រឹះស្ថានឧត្តមសិក្សាណាមួយ និងមានអាយុមិនលើសពី២២ឆ្នាំ គិតដល់ថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៥​ អាចមកដាក់ពាក្យនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់។ យ៉ាងណាមិញ កញ្ញា បានគូសបញ្ជាក់ថា លក្ខខណ្ឌក្នុងការដាក់ពាក្យ ចំពោះបេក្ខជនប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៤-២០២៥ (បាក់ឌុបថ្មី) ដើម្បីអាចមានឱកាសបានអាហារូបករណ៍នេះ លុះត្រាតែសិស្សបានដាក់ពាក្យអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និង កីឡាកំឡុងថ្នាក់ទី១២ ហើយប្រលងជាប់សញ្ញាបត្រទុតិយភូមិ(មិនកំណត់និទ្ទេស)។

កញ្ញា សុផានីរ័ត្ន បានបន្តទៀតថា មុននឹងអាចទទួលបានអាហារូបករណ៍នេះ កញ្ញាបានឆ្លងកាត់ដំណាក់កាលពីរ គឺដំណាក់កាលប្រឡងសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។​ សម្រាប់ដំណាក់កាលប្រឡងសរសេរ សិស្សត្រូវធ្វើតេស្តសមត្ថភាព វប្បធម៍ទូទៅ ជាភាសាខ្មែរ និងអង់គ្លេស។ ចំណែកឯ ដំណាក់កាលទី២ គឺជាវគ្គដែលសិស្សត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ ជាភាសាអង់គ្លេសជាមួយសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ សាគមនាគមន៍ផ្ទាល់។ ជាគន្លឹះសម្រាប់អ្នកដែលមានបំណងដាក់អាហារូបករណ៍នេះ កញ្ញាបានផ្តល់ជាដំបូន្មានមួយចំនួនថា សម្រាប់ដំណាក់កាលទី១​ សិស្សគួរអនុវត្តសំណួរជ្រើសរើសQCM និង សំណួរចម្លើយ ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍សង្គមថ្មីៗ ដែលទាក់ទងនឹងប្រទេសកម្ពុជាផ្ទាល់​។ ចំណែកឯ វិញ្ញាសាអង់គ្លេស កញ្ញាលើកទឹកចិត្តឱ្យសិស្សអនុវត្តនូវប្រភេទ សំណួរជ្រើសរើសQCM និង សំណួរចម្លើយភាគច្រើនទាក់ទងទៅនឹងព្រឹត្តិការណ៍សង្គមថ្មីៗ ទាំងក្រៅ និង ក្នុងប្រទេស ដែលផ្តោតលើ វេយ្យាករណ៍ ( Grammar ), វាក្យស័ព្ទ ( Vocabulary), អត្ថបទអាន ( ​Reading), និង ការសរសេរ ( Writing)។ ចំពោះ Writing ភាគច្រើនសរសេរទាក់ទងទៅនឹងប្រព័ន្ធផ្សព្វផ្សាយ រឹ ព្រឹត្តិការណ៍សង្គមនានា។ កញ្ញាជំរុញឱ្យសិស្សទិញសៀវភៅកម្រងវិញ្ញាសាចាស់ៗមកមើលឲ្យបានច្រើនដើម្បីឲ្យមានភាពងាយស្រួលក្នុងការត្រៀមខ្លួន និងធ្វើការសាកសួរព័ត៌មានផ្សេងៗតាមរយៈគេហទំព័ររបស់ដេប៉ាម៉ង់ប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍ រឺ​​ មកធ្វើការសាកសួរនៅស្តង់ដេប៉ាតេម៉ង់ផ្ទាល់៕


Khcct banner

អត្ថបទទាក់ទង