ភ្នំពេញ៖ ក្នុងចំណោមជ័យលាភីអាហារូបករណ៍១០រូប មកពីបណ្តាប្រទេសក្នុងអាស៊ាន យុវជនកម្ពុជា ២រូប លោក ហុង ច័ន្ទ ដារ៉ា និង កញ្ញា អប់ ម៉ារីលីន បានជ័យលាភីអាហារូបករណ៍ ASEAN MAYBANK Scholarship ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសម៉ាឡេស៊ី។ អាហារូបករណ៍នេះរ៉ាប់រងការចំណាយដូចជា ថ្លៃបង់ការសិក្សាពេញលេញ, ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ម្ហូបអាហារប្រចាំថ្ងៃ ការរស់នៅប្រចាំថ្ងៃ និងថ្លៃបន្ទប់ឬកន្លែងស្នាក់នៅ, កុំព្យូទ័រមួយគ្រឿង, ប្រាក់ឧបត្ថម្ភសម្រួលដល់ការចំណាយចាំបាច់នានា(settling-in allowance), និង ថ្លៃហោះហើរ។
អាហារូបករណ៍ ASEAN Maybank Scholarship អនុញ្ញាតឱ្យសិស្សរៀនកម្រិតសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យមួយក្នុងចំណោមជាង ២៥០ សាកលវិទ្យាល័យផ្សេងៗ ដែលស្ថិតក្នុងប្រព័ន្ធបណ្តាញ ASEAN University Network(AUN) ទូទាំងប្រទេសទាំង១០នៃសមាគមន៍អាស៊ាន(ASEAN) ប៉ុន្តែមានលក្ខខណ្ឌគឺ តម្រូវឱ្យសាកលវិទ្យាល័យនោះ ស្ថិតនៅប្រទេសក្នុងអាស៊ាន ដែលផ្សេងពីប្រទេសកំណើតរបស់ខ្លួន មានន័យថាសិស្សអាចជ្រើសរើសប្រទេស ដោយខ្លួនឯងបាន។ អាហារូបករណ៍នេះផ្តល់ជូនសម្រាប់យុវជនដែលបានលក្ខណៈសម្បត្តិ មានប្រវត្តិការសិក្សាល្អ(មានពិន្ទុ និងប្រតិបត្តិពិន្ទុ/របាយការណ៍សិក្សាដ៏ស្អាតស្អំ និងពូកែ), មានប្រវត្តិនៃការចូលរួមការងារក្រៅសាលាច្រើន និងគួរឱ្យកត់សម្គាល់(ការងារក្រៅម៉ោង ឬកិច្ចការងារគាំពារសង្គម ឬគម្រោងសង្គម ឬការអនុវត្តិបទពិសោធន៍ជាអ្នកដឹកនាំផ្សេងៗ។
លោក ហុង ច័ន្ទដារ៉ា ជាសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីសាលា Jay Pritzker Academy ស្ថិតនៅស្រុកពួកខេត្តសៀមរាប។ ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ ដារ៉ាបានចំណាយពេល២ឆ្នាំ ក្នុងការបង្កើនបទពិសោធន៍ការងារ និងអភិវឌ្ឍន៍និងឈ្វេងយល់ពីខ្លួនឯង មុននឹងសម្រេចចិត្តបន្តការសិក្សាកម្រិតថ្នាក់បរិញ្ញាប័ត្រនេះ។ ដារ៉ា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លក្ខណៈពិសេសនៃអាហារូបករណ៍នេះដែលសិស្សគួរដឹងនិងដាក់ពាក្យ អាហារូបករណ៍នេះមានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែវាល្អសម្រាប់និស្សិតគ្រប់រូបនៅបណ្តាប្រទេសក្នុងអាស៊ាន ដោយសារតែអាហារូបករណ័នេះ បង្កើតនូវឱកាស ក្នុងការកសាងទំនាក់ទំនងជាមួយសិស្សមកពីបណ្តាប្រទេសជនិងវប្បធម៌ចម្រុះផ្សេងៗគ្នា រួមជាមួយនឹងឱកាសហាត់ការ និងបំពេញការងារនៅស្ថាប័ន ASEAN Secretariat, ASEAN Foundation, Maybank Group អំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។
ដារ៉ា បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍បន្តទៀតថា «ខ្ញុំបានដាក់អាហារូបករណ៍នេះដោយសារ ខ្ញុំយល់ឃើញថាអាហារូបករណ៍នេះ ផ្គត់ផ្គង់នូវតម្រូវការសំខាន់ៗទាំងអស់ ដែលខ្ញុំមានក្នុងវ័យជានិស្សិត ដោយលែងចាំបាច់ឱ្យខ្ញុំពឹងពាក់នូវជំនួយណាមួយទាំងអស់ពីគ្រួសារ។ អាហារូបករណ៍នេះ ក៏បានផ្តល់ទំនុកចិត្តសម្រាប់ខ្ញុំអាចផ្តោតសំខាន់ទៅលើកសារសិក្សា សកម្មភាពផ្សេងៗ និងកសាងអនាគតរបស់ខ្លួន។ ខ្ញុំនឹងបន្តការសិក្សារយៈពេល ៣ឆ្នាំ នៅសកលវិទ្យាល័យឯកជនមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី និងសិក្សាទៅលើជំនាញ បរិញ្ញាប័ត្រនៃសហគ្រិនទូទៅ(Bachelor in Entrepreneurship)។ ខ្ញុំជ្រើសរើសសិក្សាជំនាញនេះ ពីព្រោះខ្ញុំមានជំហរទៅលើការដោះស្រាយបញ្ហានិងបម្លែងទៅជាឱកាសថ្មី ភាពជាអ្នកដឹកនាំ ការធ្វើសកម្មភាពតូចៗឱ្យក្លាយទៅជាលទ្ធផល(impact)ធំ ការប្រើប្រាស់និងបង្កើនភាពច្នៃប្រឌិត ការធ្វើកិច្ចការជួយសង្គមនិងមនុស្ស ការប្រាស្រ័យទាក់ទងគ្នាជាប្រព័ន្ធ ការបង្កើតមុខជំនួញ និងរស់នៅប្រកបដោយគុណតម្លៃផ្សេងៗជាច្រើន ដែលលើសតែពីគុណតម្លៃសេដ្ឋកិច្ច។»
បើតាមជ័យលាភីអាហារូបករណ៍ ហុង ច័ន្ទដារ៉ា បានឱ្យដឹងថា អាហារូបករណ៍នេះមានដំណាក់កាលធំៗចំនួន ៧ ដំណាក់កាល ក្នុងនោះមាន ១ ការដាក់ពាក្យដំបូងតាមអនឡាញ (online application form) និងបញ្ជូនឯកសាររដ្ឋបាលសំខាន់ៗមួយចំនួន, ២ រង់ចាំលទ្ធផលជម្រុះដំបូង, ៣ ការធ្វើតេស្តសមត្ថភាពខួរក្បាល តាមអនឡាញ(online assessment), ៤ ការប្រកួតប្រជែងដោយផ្ទាល់នៅ Maybank office center, ៥ ការរង់ចាំលទ្ធផលបន្ទាប់, ៦ វគ្គសម្ភាសន៍ផ្ទាល់មាត់(online interview), ៧ ការបញ្ជូនឯកសារសំខាន់ៗ និងរង់ចាំលទ្ធផលចុងក្រោយ។ ដារ៉ា បានចែករំលែកថា ដំណាក់កាលដែលស្មុគស្មាញជាងគេមាន ២៖ ទី១ គឺការរង់ចាំទទួលលទ្ធផល នៅរវាងដំណាក់កាលនីមួយៗ តម្រូវឱ្យមានការតាំងចិត្ត និងអត់ធ្មត់យូរ។ ទី២ គឹវគ្គប្រកួតប្រជែងផ្ទាល់នៅ Maybank office ដោយសារលក្ខខណ្ឌ និងព័ត៌មាននៃការប្រកួតគឺពុំបានប្រាប់ជូនដល់បេក្ខជនជាមុនឡើយ ដោយតម្រូវឱ្យបេក្ខជនមានភាពឈ្លាសវៃ អាចឆ្លើយតបនិងបត់បែន យ៉ាងស្វាហាប់ចំពោះប្រធាន និងកិច្ចការដែលត្រូវបំពេញ។ ក្នុងនោះក៏រួមបញ្ចូលនូវអាកប្បកិរិយា ការជឿជាក់លើខ្លួនឯង គោលគំនិត ពាក្យសម្តីរបស់បេក្ខជន។ ដារ៉ា បានលើកឡើងថា «ដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងការចូលរួមបទសម្ភាសន៍ និងធ្វើជាអ្នកសម្ភាសន៍ក្នុងកម្មវិធីផ្សេងៗកន្លងមក ខ្ញុំមិនបានជួបប្រទះឱបសគ្គ ឬភាពលំបាកក្នុងវគ្គសម្ភាសន៍ផ្ទាល់មាត់ឡើយ ប៉ុន្តែសម្រាប់បេក្ខជនផ្សេង ឬប្អូនៗដែលនឹងដាក់ពាក្យ អាចនិងគិតថាវគ្គនេះលំបាកផងដែរ។»។
ជាចុងក្រោយ ដារ៉ា បានផ្តល់គន្លឹះមួយចំនួនសម្រាប់សិស្សដែលមានបំណងក្នុងការដាក់អាហារូបករណ៍ ASEAN MAYBANK Scholarship ថាយុវជនគួរមានការតាំងចិត្តខ្ពស់ ហើយត្រៀមលក្ខណៈក្នុងការធ្វើឱ្យបានល្អបំផុត រាល់ដំណាក់កាលទាំងអស់ ព្យាយាមបើកផ្លូវខ្លួនឯងឱ្យបានច្រើន និងបង្កើនឱកាសរបស់ខ្លួនសម្រាប់ជាប់ តាមរយៈខិតខំរៀនសូត្រឱ្យបានប្រតិបត្តិពិន្ទុល្អ(ជាពិសេសភាសាអង់គ្លេស), ដាក់ពាក្យ ទៅសាកលវិទ្យាល័យអោយបានច្រើនដើម្បីបង្កើនជម្រើសដែលខ្លួនមាន, ប្រឹងប្រែងប្រឡងតេស្តភាសាអង់គ្លេស (IELTS ឬ TOEFL ឬ SAT) ឱ្យបានលទ្ធផលល្អ, ប្រមូលនិងរៀបចំឯកសារដែលចាំបាច់ជាដើម។ បន្ថែមពីនេះ យុវជន ត្រូវព្យាយាមអានឬស្តាប់នូវលំនាំទាំងអស់ឱ្យបានហ្មត់ចត់ ជៀរជាងការសន្មត់ដោយខ្លួនឯង និងកសាងប្រវត្តិរូបឱ្យមានល្អ និងស្អាតស្អំ ហើយបង្កើតប្រវត្តិរូបសង្ខែប CV មួយដែលលេចធ្លោ ហើយបញ្ជាក់ភាពជាខ្លួនឯងឱ្យបានប្រសើរ ដោយក្នុងនោះប្អូនគួរពិចារណាអំពីការចួលរួមការងារក្នុង និងក្រៅសាលា កម្មវិធីប្រកួតប្រជែង បញ្ចេញឬសម្លៀងសមត្ថិភាពផ្សេងៗ និងបង្កើនបទពិសោធន៍នានា៕