ភ្នំពេញ៖ ក្រុមនិស្សិតនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នឹងរៀបចំកម្មវិធី Next-Gen’s Day នៅថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍ CADT ដើម្បីបង្ហាញពី នវានុវត្តន៍ គំនិតច្នៃប្រឌិត និងឥទ្ធិពលនៃការផ្លាស់ប្ដូរ។
កម្មវិធី Next-Gen’s Day ត្រូវបានរៀបចំឡើងដោយនិស្សិតនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រោមការគាំទ្រពី ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញសមិទ្ធផលនិងគម្រោងរបស់សិស្ស-និស្សិត ដែលបានចូលរួមក្នុងកម្មវិធី Next-Gen Engagement Program-Batch II អស់រយៈពេល ៥សប្ដាហ៍កន្លងមក។
កម្មវិធីនេះនឹងប្រព្រឹត្តទៅដោយមានសកម្មភាពសំខាន់ៗមួយចំនួន៖ ថ្ងៃទី១ (១៥ កញ្ញា)៖ សាធារណជនអាចចូលរួមទស្សនាការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗ ដែលនឹងបង្ហាញគំនិតថ្មីៗ និងដំណោះស្រាយលើបញ្ហាផ្សេងៗ។ ចំណែកឯ ថ្ងៃទី២ (១៦ កញ្ញា)៖ នឹងមានការតាំងបង្ហាញគម្រោងរបស់ក្រុមទាំង ១២ ព្រមទាំងមានការលេងហ្គេមកម្សាន្តដើម្បីឈ្នះរង្វាន់ជាច្រើន។ អ្នកចូលរួមក៏អាចពិភាក្សាជាមួយបុគ្គលិកដើម្បីទទួលបានព័ត៌មានទាក់ទងនឹង CADT និងជំនាញសិក្សានីមួយៗ។ នាពេលរសៀល ក៏នឹងមានការប្រកាសក្រុមជ័យលាភី និងប្រគល់រង្វាន់ដល់ក្រុមទាំង ៦ផងដែរ។ គម្រោងនីមួយៗត្រូវបានបង្កើតឡើងដោយសិស្ស-និស្សិត ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃដែលសិស្សានុសិស្ស សាលារៀន និងសហគមន៍កំពុងជួបប្រទះ ដោយពួកគេបានបង្កើតដំណោះស្រាយតាមបែបបច្ចេកវិទ្យា។
តាមរយៈការចូលរួមកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាស៖ ១.ទទួលបានការបំផុសគំនិតថ្មីៗពីអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគតរបស់កម្ពុជា, ២. ទស្សនាស្តង់តាំងបង្ហាញគម្រោងទាំង ១២ ដែលប្លែកៗគ្នា និងចូលរួមលេងហ្គេមកម្សាន្ត, ៣. ស្វែងយល់បន្ថែមពីកម្មវិធីសិក្សានៅ CADT ក៏ដូចជាឱកាសអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦, ៤. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្ស-និស្សិត និងសហគមន៍បច្ចេកវិទ្យាដែលកំពុងរីកចម្រើន។
គួរបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅជាន់ទី៤ នៃមជ្ឈមណ្ឌលនវានុវត្តន៍នៅ CADT ដែលអនុញ្ញាតឱ្យសិស្ស-និស្សិត អាណាព្យាបាលសិស្ស ឬបុគ្គលដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យា នវានុវត្តន៍ ឬចង់ដឹងបន្ថែមពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចូលរួមដោយសេរី៕