វៀតណាម៖ តុលាការប្រជាជនទីក្រុងហាណូយបានបើកសវនាការកាលពីថ្ងៃច័ន្ទចំពោះអតីតអនុប្រធានការិយាល័យរដ្ឋសភាលោក Pham Thai Ha និងមន្រ្តីចុងចោទចំនួន ២៨ នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដ៏ធំមួយដែលទាក់ទងនឹងក្រុមហ៊ុន Thuan An Group ដែលកិបកេងលុយដល់ទៅ៤,៦លានដុល្លារប្រើប្រាស់អំណាចរបស់ខ្លួនកៀបសង្គត់ ។
យោងតាមតុលាការប្រជាជនទីក្រុងហាណូយការចោទប្រកាន់រួមមានរំលោភលើបទប្បញ្ញត្តិដេញថ្លៃដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ រំលោភបំពានមុខតំណែង និងអំណាចក្នុងពេលបំពេញកាតព្វកិច្ច និង ការរំលោភបំពានអំណាចប្រើឥទ្ធិពលរបស់ខ្លួនលើអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមការចោទប្រកាន់តុលាការវៀតណាមបានរកឃើញថាលោក Pham Thai Ha និងអ្នកពាក់ព័ន្ធ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាកិច្ចសន្យាដល់ក្រុមហ៊ុន Thuan An Group នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្ត Bac Giang និង Tuyen Quang ទីក្រុង Quang Ninh និងទីក្រុងហាណូយ។ តាមការចោទប្រកាន់ ការរំលោភដែលប្រព្រឹត្តដោយបក្ខពួករបស់លោក បណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិរដ្ឋជាងច្រើនលានដុល្លារ។ តុលាការប្រជាជនវៀតណាម និងបន្តសាលក្រមលើលោក Pham Thai Ha និងអ្នកពាក់ព័ន្ធនាពេលក្រោយទៀត៕