ភ្នំពេញ៖ អង្គការ PSE នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកញ្ចប់ថវិកា ចំនួន «ពីរម៉ឺនដុល្លារ» ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ ក្នុងការជួសជុលនិងសាងសង់ឡើងវិញនូវអគារសិក្សាដែលទទួលរងការប៉ះពាល់ដោយសង្គ្រាម។ អង្គការ PSE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ បេសកកម្មចម្បង គឺជួយចម្លងកុមារឱ្យផុតពីទុក្ខវេទនាទៅកាន់ការងារអាជីព។
យោងតាមក្រសួងអប់រំ ក្នុងជំនួបនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានចែករំលែកពីបច្ចុប្បន្នភាពស្ថានភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលមកដល់ពេលនេះ មិនទាន់ត្រឡប់ទៅរកប្រក្រតីភាព ដែលធ្វើឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសង្គ្រាមនៅឡើយ។ យ៉ាងណាមិញ ក្រសួងអប់រំ បានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ PSE ផងដែរ។
បើតាមប្រភពដដែល ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល។ តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅតាមទីទូលសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថាសិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
អង្គការដើម្បីភាពញញឹមនៃកុមារ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនវិសាលភាពនៃការអប់រំ លើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ អង្គការ PSE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ បេសកកម្មចម្បង គឺជួយចម្លងកុមារឱ្យផុតពីទុក្ខវេទនាទៅកាន់ការងារអាជីព។ អង្គការបានជួយដល់កុមារ យុវជន និងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្តោត សំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារ ការផ្តល់ជំនួយដល់គ្រួសារក្រីក្រ ការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយសម្របសម្រួលរកការងារមួយដ៏សមរម្យសម្រាប់ពួកគេ៕