681 ezgif.com resize
Swift cc time

ក្រសួងកសិកម្ម ប្តេជ្ញាខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ច សុវត្ថិភាពម្ហូបអាហារ និងវិស័យជលផលនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែកញ្ញានេះ បានសម្ពោធបើកឱ្យដំណើរការសិប្បកម្មផលិត និងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន ខនហ្វីរេល (CONFIREL) នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ក្នុងពិធីនេះ មានការចូលរួមពីលោក ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) រួមជាមួយតំណាងពីសហភាពអឺរ៉ុប EU និងតំណាងរដ្ឋបាលជលផល FiA ។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការ UNIDO ដែលបានគាំទ្រនិងបន្តការគាំទ្រទាំងហិរញ្ញវត្ថុនិងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសជាមួយរដ្ឋបាលជលផល ក្នុងការសម្រេចបាននូវសមិទិ្ធផលនិងផលជះជាវិជ្ជមានក្នុងការអនុវត្តគម្រោង CAPFISH-Capture ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន។

លោក ហាស់ សារ៉េត បានគូសបញ្ជាក់ថា ពិធីសម្ពោធនេះ គឺជាព្រឹត្តិការណ៍មួយ មិនត្រឹមឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ចប្រកបដោយចីរភាព សុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

គួរបញ្ជាក់ថា ក្រសួងកសិកម្ម បានបើកយុទ្ធនាការផ្សព្វផ្សាយលើកទី៣ រយៈពេល៤ថ្ងៃ នឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលអ្នកសារព័ត៌មាននឹងបានឃើញផ្ទាល់ភ្នែក ពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលពីមុនធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត។ កម្ពុជាបាននិងកំពុងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជំរុញនាំចេញ និងភាពរីកចម្រើនរបស់វិស័យនេះជារួម៕


Khcct banner

អត្ថបទទាក់ទង