ភ្នំពេញ៖ ក្រសួងអប់រំ នឹងវាយតម្លៃជ្រើសរើសនាយកសាលាល្អ ចំនួន១០នាក់ គ្រូបង្រៀនល្អពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ចំនួន១០នាក់ គ្រូបង្រៀនល្អភាសាខ្មែរ ថ្នាក់ទី១ ទី២ និងទី៣ ចំនួន១០នាក់ គ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ចំនួន១០នាក់ និងសាលាស្អាត ចំនួន១០សាលា ជា«ជ័យលាភីពានរង្វាន់ សម្តេចតេជោសែន» ឆ្នាំសិក្សា ២០២៤-២០២៥។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរការវាយតម្លៃជ្រើសរើស អាចប្រព្រឹត្តទៅដោយរលូន តម្លាភាព និង ប្រសិទ្ធភាព ក្រសួងអប់រំ បានដាក់នូវដំណើរការមួយចំនួនដោយ ទី១៖ នាយកវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកណ្តាល និងព្រៃវែង សាលាគរុកោសល្យ និងវិក្រឹតការខេត្ត និង ប្រធានមន្ទីរអប់រំរាជធានីខេត្ត ត្រូវបង្កើតគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាព ការិយាល័យ ឬ ដេប៉ាតឺម៉ង់ជំនាញ ដើម្បីរៀបចំវាយតម្លៃ។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា ដំណាក់កាលទី២ គឺ គណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ត្រូវជ្រើសរើស បេក្ខភាពដែលត្រូវចូលរួមក្នុងការវាយតម្លៃពីក្នុងចំណោមនាយក នាយិកាសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា រួមទាំងវិទ្យាល័យអនុវត្ត នៃ វិទ្យាស្ថានជាតិអប់រំ អនុវិទ្យាល័យអនុវត្ត នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលាបឋមសិក្សា អនុវត្តនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយផ្អែកលើឧបករណ៍រង្វាយតម្លៃ ដើម្បីបានជា បេក្ខភាពចូលរួមក្នុងការវាយតម្លៃ។ សម្រាប់បេក្ខភាពជ័យលាភី នាឆ្នាំកន្លងមក ក៏អាចចូលរួមជា បេក្ខភាពសម្រាប់ធ្វើការវាយតម្លៃនាឆ្នាំសិក្សានេះផងដែរ លើកលែងតែ បេក្ខភាពជ័យលាភី ពានរង្វាន់ សម្តេចតេជោសែន ចំណាត់ថ្នាក់លេខ១។
បើតាមប្រភពដដែល បន្ទាប់ពីទទួលបានបេក្ខភាពរួចរាល់ គណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ ត្រូវធ្វើការវាយតម្លៃជ្រើសរើសចាប់ពីថ្នាក់កម្រង រហូតដល់ថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូឱ្យបាននាយក នាយិកាសាលាល្អ ២រូប, គ្រូបង្រៀនល្អចាប់ពី ថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ២រូប, គ្រូបង្រៀនល្អភាសាខ្មែរ ថ្នាក់ទី១ ទី២ និងទី៣ ២រូប គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ២រូប និងសាលាស្អាត ២សាលា ក្នុងមួយរាជធានី ខេត្ត និង ១រូប ក្នុងមួយគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ផ្អែកលើឧបករណ៍វាយតម្លៃរបស់ក្រសួង រួចផ្ញើមកក្រសួងអប់រំ (អគ្គាធិការដ្ឋាន) ឱ្យបានមុនដំណាច់ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះ ក្រសួងអប់រំ នឹងបង្កើតគណៈកម្មការវាយតម្លៃថ្នាក់ជាតិពិនិត្យលើឧបករណ៍ស្វ័យរង្វាយតម្លៃរបស់ គណៈកម្មការថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងចុះពិនិត្យផ្ទៀងផ្ទាត់ ជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សានីមួយៗ៕