ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី «ការណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ» ដើម្បីណែនាំពង្រឹងបន្ថែមពីគោលការណ៍ និងបច្ចេកទេសជំរុញឱ្យដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានអនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេសស្របតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានប្រកបសុក្រឹតភាព ដែលឆ្លុះបញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង “ចេះគឺជាប់”។
យោងតាមក្រសួងអប់រំ បានឱ្យដឹងថា «ដំណាក់កាលបូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ» មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ៧ កញ្ញា ដល់ ១៨ កញ្ញា ២០២៥ ។ ដំណាក់កាលនេះត្រូវបំពេញការងារពេញម៉ោង មិនអនុញ្ញាតឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។ ក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស។
បើតាមក្រសួងអប់រំ ដើម្បីឱ្យយន្តការប្រឡងដំណើរការទៅរលូនល្អ និងទទួលបានលទ្ធផលសុក្រឹត រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ (១) ត្រូវបន្តពង្រឹងសមត្ថភាពក្រុមការងារនៅគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសការពង្រឹងសមត្ថភាពក្រុមមុខវិជ្ជា (២) ពិនិត្យយន្តការត្រួតពិនិត្យផ្ទៀងផ្ទាត់ ធានាឱ្យបាននូវសុក្រឹតភាព (៣) ចំណុចសំខាន់ គឺអ្នកបញ្ចូលពិន្ទុ ត្រូវហ្មត់ចត់ និងច្បាស់លាស់ (៤) បន្តពង្រឹងវិន័យ ហាមឃាត់ឱ្យបានជាដាច់ខាតនូវការប្រើប្រាស់ទូរស័ព្ទដៃក្នុងអំឡុងពេលអនុវត្តការងារ (៥) ការផ្ទៀងផ្ទាត់៖ សូមរៀបចំក្រុមការងារដើរត្រួតពិនិត្យ និងត្រូវមានយន្តការ Spot Check (៦) សូមក្រុមការងាររក្សាសុខភាពឱ្យរឹងមាំ និងស្មារតីនឹងនរ ហ្មត់ចត់ ច្បាស់លាស់ក្នុងការបំពេញការងារនេះ រហូតដល់បញ្ចប់គ្រប់ដំណាក់កាលដោយជោគជ័យ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ ព្រមទាំងលោក កែវ ធីវុធ្ធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិកគ្រប់គណៈកម្មការពាក់ព័ន្ធនឹងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់ សរុបប្រមាណ ៧៨៧នាក់៕