ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា បានបញ្ជូនលិខិតតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំង យោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាន និងកំពុងរស់ នៅជាច្រើនទសវត្សរ៍មកហើយ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ស្មារតីមិត្តភាព ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថែរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕