681 ezgif.com resize
Swift cc time

ក្រសួងអប់រំ ត្រៀមប្រារព្ធ«ទិវាគ្រូបង្រៀនឆ្នាំ២០២៥» នៅថ្ងៃទី ៣ តុលា ២០២៥ ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈចំពោះគ្រូបង្រៀន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការត្រៀមប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២៥។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា សម្រេចលើប្រធានបទ និងពាក្យស្លោកកម្មវិធី, របាយការណ៍រៀបចំទិវាគ្រូបង្រៀននាឆ្នាំកន្លងមក ,ពិនិត្យលើសេចក្តីព្រាងកម្មវិធី និងរូបភាពនៃការរៀបចំ ក៏ដូចជាខ្លឹមសារនានាពាក់ព័ន្ធនឹងការរៀបចំ ទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

យោងតាមគេហទំព័រក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានជំរុញឱ្យការរៀបចំទិវាគ្រូបង្រៀនដំណើរការទៅដោយរលូន និងជោគជ័យជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥ នេះ លោក បានជំរុញឱ្យបន្តសហការគ្នាឱ្យកាន់តែល្អប្រសើរ ដោយត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេសផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន បង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀន ក៏ដូចជាត្រៀមរៀបចំរបាយការណ៍សម្រាប់កម្មវិធី។

រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រារព្ធ ទិវាគ្រូបង្រៀន ៥ តុលា ដែលត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹងនិងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ៕

Khcct banner

អត្ថបទទាក់ទង