ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ប្រកាសជ្រើសរើសបេក្ខជនប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ និមិត្តសញ្ញាដែលទទួលបានជ័យលាភីនឹងត្រូវយកទៅ ប្រើប្រាស់លើរាល់ឯកសារនៃកិច្ចប្រជុំកំពូលផ្លូវការ និងព្រឹត្តិការណ៍អមនានា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹង បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀលគត់) បេក្ខជនលេខ២ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៣.០០០.០០០រៀល (បីលានរៀលគត់) ហើយបេក្ខជនលេខ៣ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ២.០០០.០០០រៀល (ពីលានរៀលគត់) ក្នុង១រូបឬក្រុម។
ការរចនានិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ត្រូវតែផ្តោតលើខ្លឹមសារ គោលចំនួនបួន គឺ សន្តិភាព យុត្តិធម៌ ភាពតភ្ជាប់គ្នា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ និមិត្តសញ្ញានេះក៏គួរ បង្ហាញពីតម្លៃស្នូលរបស់សហគមន៍ហ្វ្រង់កូហ្វូនីដូចជា ការបង្រួបបង្រួមគ្នា និងការលើកកម្ពស់ឯកភាពជាតិក្នុង សង្គមពហុជាតិសាសន៍ ព្រមទាំងបង្ហាញពីតួនាទីសំខាន់របស់កម្ពុជាក្នុងការលើកកម្ពស់សហប្រតិបត្តិការរវាងបណ្តា ប្រទេសហ្វ្រង់កូហ្វូនីឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
ដើម្បីអាចដាក់ពាក្យបានបេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចជា ជាជនជាតិខ្មែរគ្រប់រូប ដែលមានអាយុចន្លោះ១៨ឆ្នាំ ដល់៥០ឆ្នាំ ចូលប្រកួតជាបុគ្គលឬ ក្រុមបេក្ខជនម្នាក់ ហើយអាចដាក់និមិត្តសញ្ញាច្រើនបំផុតចំនួនពីរ។ បេក្ខជនត្រូវពន្យល់អត្ថន័យនៃនិមិត្តសញ្ញាដោយសង្ខេប រួមទាំងន័យបង្កប់នៃក្បូរក្បាច់ ពណ៌ ទម្រង់ អក្សរ ដែលបានប្រើប្រាស់។ បេក្ខជនត្រូវផ្តល់ទម្រង់ (Format) សមស្របសម្រាប់ការប្រើប្រាស់និមិត្តសញ្ញា នៅលើមធ្យោបាយ ផ្សព្វផ្សាយនានា ដោយពិចារណាលើភាពស័ក្តិសមនៃនិមិត្តសញ្ញានៅលើឧបករណ៍ដែលមានជាអាទិ៍ ប៊ិច នាមប័ណ្ណ ក្រដាស លិខិត ស្រោមសំបុត្រ វត្ថុអនុស្សាវរីយ៍ ដូចជាអាវ មួក ថង់ក្រណាត់ ឆ័ត្រ ជាដើម។
បន្ថែមពីនេះ ការរចនាឡើងនូវនិមិត្តសញ្ញានេះ ត្រូវប្រើប្រាស់ពណ៌ចម្បង ចំនួនប្រាំរួមមាន ពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង ពណ៌បៃតង និងពណ៌ស្វាយ ដោយយកតាមលេខកូដពណ៌ (Colour Code) នៃនិមិត្តសញ្ញា ផ្លូវការរបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie) ។ រចនាបថនៃនិមិត្តសញ្ញាត្រូវរួមបញ្ចូលនូវឃ្លាជាភាសាបារាំងដែលមានពាក្យ "XX" Sommet de la Francophonie" និងឃ្លា "Siem Reap-Angkor 2026" ដើម្បីបង្ហាញអំពីឈ្មោះនៃទីក្រុងដែលប្រទេស ជាម្ចាស់ផ្ទះបានជ្រើសរើសធ្វើជាកន្លែងក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ។
បេក្ខជនដែលមានបំណងចូលរួម ត្រូវផ្ញើនូវស្នាដៃនិមិត្តសញ្ញារបស់ខ្លួនដោយ ភ្ជាប់មកជាមួយសេចក្តីពន្យល់អត្ថន័យនៃនិមិត្តសញ្ញាមកកាន់អ៊ីមែល [email protected] ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងសម្រេចពីគណៈកម្មការ ជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦៕