ភ្នំពេញ៖ ក្រសួងការងារ កាលពីថ្ងៃទី ២ កញ្ញា ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ មូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន ដើម្បីបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។
យោងតាមក្រសួងការងារ បានឱ្យដឹងថា អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្ដង់ដាអន្តរជាតិនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានកត់សម្គាល់ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ហើយនៅពេលនេះភាគីទាំងពីរបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀតលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងជំរុញលើកកម្ពស់ឱ្យសិស្សនិស្សិត គ្រូបង្គោលពីកម្ពុជា និងចិន មានសមត្ថភាពកាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍនៃបច្ចេកវិទ្យា។ រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស និងជាពិសេសវិនិយោគិនចិនមកកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Ling Shuangying បានថ្លែងថា អនុស្សរណៈដ៏សំខាន់នាពេលនេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ៕