ភ្នំពេញ៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នឹងធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ដើម្បីបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធីអក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើន។
យោងតាមសារលិខិតរបស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា បានឱ្យដឹងថា ការលើកកម្ពស់អក្ខរកម្មឌីជីថល គឺសំខាន់ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ក្នុងគោលដៅស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងមានភាពត្រឹមត្រូវ។
បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តរួមចំណែកលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុសផុល និងមានប្រសិទ្ធភាព និងប្រសិទ្ធផល៕