ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦។
យោងតាមគេហទំព័រក្រសួងប្រៃសណីយ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (Digital Skill Development Program) ជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនអាហារូករណ៍ ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest) ដល់សិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ (មធ្យមសិក្សាទុតិយភូមិ) មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយស្រឡាញ់ការសិក្សាលើជំនាញឌីជីថល តែពុំបានទទួលអាហារូបករណ៍ពេញលេញ១០០% ពីគ្រឹះស្ថានអប់រំផ្សេងៗ។
អត្ថប្រយោជន៍ ដែលបេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ មានដូចជា ទទួលបានថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍) និងថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ), ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ), ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន។
ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចជា មានសញ្ជាតិខ្មែរ និងជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C, ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៦, ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ., ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស។ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration ឱ្យបានមុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។
គួរបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សា ដែលជាដៃគូរបស់ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)៕