ភ្នំពេញ៖ AIPA Secretariat ជ្រើសរើសចាត់តាំងយុវជន៦រូបតំណាងប្រទេសកម្ពុជា ចូលរួមជាសមាជិកគណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុង«កម្មវិធីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» និង «5th Model AIPA» ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2025 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
«កម្មវិធីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» នឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និងមានតំណាងមកពីប្រទេសចំនួន២៥ផ្សេងទៀតនឹងចូលរួមជាអ្នកចូលរួមអង្កេត។ យុវជនទាំង៦រូប នឹងចូលរួមផ្នែកមួយនៃកម្មវីធីដែលជាកិច្ចសន្ទនាយុវជនលើឆាកអន្តរជាតិ តំណាងកម្ពុជា ដើម្បីជជែកវែកញែកលើប្រធានបទនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងយុវជនមកពីបណ្តាប្រទេសអាស៊ានផ្សេងទៀត។
និស្សិតទាំង៦រូប រួមមាននិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណ:ចំនួន ៣រូប រួមមាន កញ្ញា ផេង ចាន់ដាលីស ជានិស្សិតឆ្នាំទី2 ផ្នែក ទំនាក់ទំនងអន្តរជាតិ កញ្ញា សម្ភស្ស កន្នីថា ជានិស្សិតឆ្នាំទី 3 ផ្នែក ទំនាក់ទំនងអន្តរជាតិ, កញ្ញា គឹម សុខធា ជានិស្សិតឆ្នាំទី 4 ផ្នែកទំនាក់ទំនងអន្តរជាតិ។ បន្ថែមពីនេះ មានលោក អៀង សុវណ្ណម៉ាន់ដេ ជានិស្សិតឆ្នាំទី3 ផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, និង កញ្ញា ម៉ុត ចាន់ស្រីទីន ជាអតីតនិស្សិត ជំនាន់ទី ២៩ ផ្នែក សហគ្រិនភាពនិងនវានុវត្តន៍សកល នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំង លោក ហុក ហួរឈុនហ៊ូរ ជានិស្សិតឆ្នាំទី 4 ផ្នែកនីតិសាស្ត្រជាភាសាខ្មែរ និងជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
អៀង សុវណ្ណម៉ាន់ដេ ជានិស្សិតឆ្នាំទី3 ផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ក្នុងនាមជាយុវជនមួយរូប ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានតំណាងកម្ពុជាលើឆាកអន្តរជាតិតាមរយៈចូលរួមជាសមាជិកគណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលវាជាឱកាសឱ្យខ្ញុំ និងយុវជនកម្ពុជា៥រូបផ្សេងទៀតអាចបញ្ចេញនូវសមត្ថភាព ដើម្បីបង្ហាញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗទៀតដែលចូលរួម ពីវប្បធម៌ និងកិច្ចសហប្រតិបត្តិការណ៍ដែលកម្ពុជាបានប្រកាន់ខ្ជាប់ជាមួយថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រមទាំងជាឱកាសដើម្បីអាចឈ្វេងយល់ពីបញ្ហាប្រឈមនានាដែលកំពុងកើតឡើងក្នុងតំបន់អាស៊ាន និងរៀនសូត្រពីគ្នា។»។
លោកបានរៀបរាប់បន្តទៀតថា តាមរយៈកម្មវិធីសន្និបាទនេះ យុវជនកម្ពុជា៦រូប នឹងអាចទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច និងបញ្ហាសង្គម ពីបណ្តាប្រទេសផ្សេងទៀត និងបង្កើតបណ្តាញជាមួយនឹងយុវជនមកពីប្រទេសផ្សេងទៀត ដើម្បីបង្កើតនូវកិច្ចសន្ទនាដែលអាចចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលដែលអាចផ្តល់ផលប្រយោជន៍ដល់អាស៊ាន និងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវីធីជជែកវែកញែកនេះ នឹងផ្តោតលើមូលបទ "ការពង្រឹងការចូលរួមរបស់យុវជននៅក្នុងរបៀបវារៈនិរន្តរភាព និងបរិយាបន្ន" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2025 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕