ភ្នំពេញ៖ យុវជន៤ក្រុម បានជ័យលាភីក្នុងបទបង្ហាញកម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ។ ជ័យលាភីលេខ ១ បានទៅលើក្រុម Komnot ដែលមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយលើកឡើងពីការបង្កើតកម្មវិធីដើម្បីការពង្រឹងសន្តិសុខសាយប័រ។
យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រនៃ Credit Bureau Cambodia Co., Ltd បានឱ្យដឹងថាក្រុមយុវជន «Komnot» ដែលមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតធ្វើបទបង្ហាញកម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ ទទួលបានរង្វាន់ជាសាច់ប្រាក់ ១២លានរៀល។ ចំណែកឯ ជ័យលាភីលេខ២៖ ក្រុម <សន្សំ> ដែលមកពី សាកលវិទ្យាភូមិន្ទភ្នំពេញ បានលើកឡើងពីការបង្កើតកម្មវិធី “សន្សំ” ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានរង្វាន់ជាសាច់ប្រាក់ ៨លានរៀល។
បើតាមប្រភពដដែល ជ័យលាភីលេខ៣៖ ក្រុម < Black Wukong > ដែលមកពី សាកលវិទ្យាល័យខេមតិច លើកឡើងពីការបង្កើតកម្មវិធីគំនូរជីវចលដោយប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់អប់រំ និងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទទួលបានរង្វាន់ជាសាច់ប្រាក់ ៤លានរៀល។ រីឯ ជ័យលាភីរង៖ ក្រុម <Money> ដែលមកពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ លើកឡើងពីកម្មវិធីអប់រំទាក់់ទងនឹងការសន្សំ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទទួលបានរង្វាន់់ជាសាច់ប្រាក់ ២លានរៀល។
គួរបញ្ជាក់ថា កម្មវិធីប្រកួតនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និង Credit Bureau Cambodia Co., Ltd ក្រោមការគាំទ្រដោយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងឧបត្ថម្ភដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា៕