ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសរសេរតាមអានជាសាធារណៈ«សំណេរអង្គរ»លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ជ្រើសរើសបេក្ខជនប្រកួត១៥០០នាក់ ដោយការប្រកួតនឹងប្រព្រឹត្តទៅនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ រៀបចំឡើង បង្ហាញនូវការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងការថែរក្សា និងលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន។
បើតាមលោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» បានថ្លែងថា«សំណេរអង្គរ»លើកទី៣ នឹងជ្រើសរើសបេក្ខជនប្រកួត១៥០០នាក់ ដោយគ្រោងនឹងជ្រើសរើសបេក្ខជនបរទេសប្រមាណ២០នាក់ ដែលស្រលាញ់អក្សរសាស្ត្រខ្មែរ ចូលរួមប្រកួត។ លោក លីម ប៊ុនហុក បានបន្តថា ជាការលើកទឹកចិត្តដល់ជនបរទេសដែលស្រឡាញ់នូវអក្សរសាស្រ្តខ្មែរ កម្មវិធីនឹងបង្កើតពានរង្វន់សម្រាប់ជនបរទេសដាច់ដោយឡែកសម្រាប់ការលើកទឹកចិត្ត។
គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំដំបូងនាឆ្នាំ២០២៤ ដោយកម្មវិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំប្រកួតសរសេរតាមអានអក្សរសាស្រ្តខ្មែរបន្តជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤ មានអ្នកចូលរួមប្រកួត៧០០នាក់ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតីឡើងអានអត្ថបទ។
ចំណែកកម្មវិធី«សំណេរអង្គរ»លើកទី២ កាលពីឆ្នាំ២០២៥ មានបេក្ខជនប្រកួតចំនួន ១២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ដោយមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជនដោយផ្ទាល់។ កម្មវិធីសំណេរអង្គរលើកទី២ បេក្ខជនចូលរួមប្រកួតចាស់ជាងគេមានអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ៕