681 ezgif.com resize
Swift cc time

បាក់ឌុប៖ «ដំណើរការកំណែ» កំពុងប្រព្រឹត្តទៅនៅមណ្ឌលកំណែចំនួន១០ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ៦ កញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ដុំកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន កាលពីថ្ងៃទី ៣១ សីហា ២០២៥ ក្រោមការពិនិត្យយ៉ាងហ្មត់ចត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ដំណើរការកំណែ ចាប់ផ្តើមប្រព្រឹត្តទៅនៅមណ្ឌលកំណែចំនួន១០ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ៦ កញ្ញា ២០២៥។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ២១១ រូប។

ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយមណ្ឌលកំណែកែមួយមុខវិជ្ជា។ ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផល “អ្នកចេះគឺជាប់” រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ពាក់ព័ន្ធនឹងដំណើរការកំណែដូចជា ៖ ១) ពង្រឹងយន្តការកំណែតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវពេញលេញ មិនអនុញ្ញាតឱ្យរំលងជំហានណាមួយឡើយ ២) ពង្រឹងវិន័យ និងប្រសិទ្ធភាពការងាររបស់ក្រុមមុខវិជ្ជា ៣) ពង្រឹងប្រព័ន្ធកែ២ដង ជាការផ្ទៀងផ្ទាត់ ពិនិត្យពីលើបន្ថែម ៤) បន្ថែមពីលើការណែនាំផ្ទាល់មាត់ ត្រូវតែមានការអនុវត្តសាកល្បងជាក់ស្តែង ដោយមានការណែនាំពីប្រធានមណ្ឌល ៥) សូមផ្តោតលើការកែឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់លើការរៀបចំលំហូរការងារ និងដុំសន្លឹកកិច្ចការបេក្ខជន។

បើតាមប្រភពដដែល រដ្ឋមន្រ្តីក្រសួងអប់រំ បានដាក់ចេញវិធានការមួយចំនួនពាក់ព័ន្ធ​នឹង​ការហាមឃាត់ ឆ្លើយតបនឹងស្ថានភាពថ្មីៗ​ក្នុង​ការប្រឡងឆ្នាំនេះ ដូចជា៖ (១) ចំពោះបុគ្គលិកអប់រំ៖ ការយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ ក្រុមការងារកំណែ ត្រូវទុកទូរស័ព្ទក្នុងហឹបសុវត្ថិភាព ហើយសម្រាប់អ្នកដែលមិនអាចទុកទូរស័ព្ទក្នុងហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែងពីការងារកំណែភ្លាម។ (២) ហាមឃាត់ដាច់ខាតការថតទុក និងបង្ហោះសន្លឹកកិច្ចការសិស្ស។ (៣) មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីប្រធានមណ្ឌល។ (៤) ត្រូវប្រគល់ប្រធានវិញ្ញាសា និងអត្រាកំណែជូនគណៈកម្មការកណ្តាលនៃមណ្ឌលកំណែវិញជារៀងរាល់ថ្ងៃក្រោយពេលកែចប់។ ក្រសួងនឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលប្រឡងជាផ្លូវការ។

ក្រសួងបានគូសបញ្ជាក់ថា អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត៕

Khcct banner

អត្ថបទទាក់ទង