ភ្នំពេញ៖យុវតី ឈឿន សំណាង ជាបេក្ខជនប្រឡងបាក់ឌុបមានពិការភាពដៃទាំងសងខាង តាំងពីកំណើត។យុវតីរូបនេះ ជាកូនទី៧ក្នុងក្រុមគ្រួសារក្រីក្រមួយ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឪពុកជាកម្មករសំណង់ ម្តាយជាមេផ្ទះ។សម្រាប់សំណាង ពិការភាព«ដៃសងខាង»មិនមែនជាឧបសគ្គបង្អាក់ដល់ដំណើរការសិក្សារបស់ខ្លួននោះទេ ហើយថ្ងៃអនាគតរូបគេចង់ក្លាយជាអ្នកជំនាញផ្នែក Designer និង ព័ត៌មានវិទ្យា។
យុវតី ឈឿន សំណាង ជាសិស្សថា្នក់ទី ១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ក្នុងសម័យប្រឡងបាក់ឌុប ២៨ សីហា ឆ្នាំ២០២៥នេះ រូបគេជាបេក្ខជនប្រឡងបាក់ឌុបមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្តិ លេខតុ 514 បន្ទប់ 21។សំណាងមកប្រឡងដោយមានម្តាយ និងបងថ្លៃ ជាអ្នកជូនមក។ក្នុងដំណើរការប្រឡង ត្រូវប្រើប្រាស់ជើងរបស់ខ្លួនជំនួសដៃដែលពិការភាព ដោយអង្គុយនៅកន្លែងរាបស្មើ។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាន ស៊ីស៊ីថាមស៍ យុវតី ឈឿន សំណាង បានរៀបរាប់ថា ទោះពិការភាព«ដៃសងខាង» តែសំណាង មិនចុះចាញ់នឹងព្រហ្មលិខិតឡើយ ហើយថែមទាំងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រជម្នះរាល់ឧបសគ្គនានា ដើម្បីយកចំណេះវិជ្ជា គឺជាស្ពានសម្រាប់ជីវិត។
ឆ្លើយសំណួរថា តើការសរសេរប្រើជើងពិបាក់ទេ? សំណាង តបថា គឺវាជាទម្លាប់ទៅហើយ តែរៀងឈឺជើងពេលសរសេរយូរ។សំណាង ធ្លាប់មានបំណងបោះបង់ការងារសិក្សា ដោយសារការរើសអើង ហើយគ្រួសារលំបាក។តែដោយសារមានការជួយជ្រំជ្រែកពីលោកគ្រូអ្នកគ្រូរូបគេ សម្រេចបន្តការសិក្សានៃសាលារៀនជំនាន់ថ្មី។សម្រាប់ថ្ងៃអនាគត សំណាងចង់ក្លាយជាអ្នក Designer និង ព័ត៌មានវិទ្យា។
យុវតី ឈឿន សំណាង ថ្លែងថា "ខ្ញុំតែងលើកទឹកចិត្តខ្លួនឯងថា បើយើងទៅមុខអត់រួច អត់មានអ្នកណាទៅជាមួយយើងទេ អ៉ីចឹងមានតែយើងទេដែលអាចធ្វើវាដោយខ្លួនឯង ខ្លួនជាទីពឹងខ្លួន ខំជម្នះរាល់ឧបសគ្គទៅថ្ងៃអនាគត" ៕