ភ្នំពេញ៖ ស៊ាម លីដែន ជាអតីតសិស្សនិទ្ទេស A ឆ្នាំ ២០២៣ មកពីវិទ្យាល័យជាស៊ីម សន្ធរម៉ុក ផ្តាំឱ្យបេក្ខជនដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃស្អែកឱ្យរក្សាអារម្មណ៍ឱ្យបាននឹងនរទោះជួបវិញ្ញាសាបែបណាក៏ដោយ ដើម្បីអាចបញ្ចប់ការប្រឡងគ្រប់មុខវិជ្ជាបានល្អ។
បច្ចុប្បន្ន ស៊ាម លីដែន ជានិស្សិតឆ្នាំទី ២ កំពុងសិក្សានៅសាកលវិទ្យាល័យចំនួនពីរ ដោយចាប់យកជំនាញអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស និងជំនាញគ្រប់គ្រងធនាគារ និងវិទ្យាស្ថានបច្ចេកទេសធនាគារ។ លីដែនបានប្រាប់ស៊ីស៊ីថាមស៍ថា កាលពីឆ្នាំ២០២៣ មុនការប្រឡងរយៈពេល ១ ថ្ងៃ លីដែនមានអារម្មណ៍ថាភ័យផង អរផង ព្រោះខ្លួននៅភ័យខ្លាចវិញ្ញាសាពិបាក ឬធ្វើមិនបានល្អ និងមិនអាចសម្រេចក្តីស្រមៃចង់បាននិទ្ទេស A។ ប៉ុន្តែទន្ទឹមនឹងការភ័យ លីដែនបានព្យាយាមធ្វើចិត្តឱ្យនឹងនរ លើកទឹកចិត្តខ្លួនឯង ដោយប្រាប់ខ្លួនថា «ទោះបីជាបែបណា ក៏ត្រូវតែ ស៊ូរយៈពេលពេល២ ថ្ងៃនេះឱ្យដល់ទីបញ្ចប់ ព្រោះលទ្ធផលនៃការខំប្រឹង១២ ឆ្នាំមកនេះ នឹងបង្ហាញក្នុងរយៈពេល ២ ថ្ងៃនៃការប្រឡងនេះហើយ»។
អតីតសិស្សនិទ្ទេស A រូបនេះបានបន្តទៀតថា «ទោះបីជាវិញ្ញាសានោះស្រួលឬក៏ពិបាកក៏ដោយ ប្អូនៗត្រូវតែរក្សាលំនឹងផ្លូវចិត្តឲ្យបានល្អ ដោយយកចិត្តទុកដាក់ ជាពិសេសកុំទាន់អាលអររំភើបរហូតដល់ពេលខ្លះយើងធ្វើអ្វីដែលយើងស្ទាត់និងចេះ ទៅជាកំហុសឬក៏ខុស។ ដូច្នេះយើងត្រូវតែរក្សាលំនឹងផ្លូវចិត្តឱ្យល្អ កុំសប្បាយចិត្តរហូតដល់ធ្វើឲ្យខ្លួនឯងភ្លាំងភ្លេចឬក៏ច្រឡំចំណុចណាមួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់វិញ្ញាសាប្រឡងរបស់យើង។ មិនតែប៉ុណ្ណោះប្អូនៗត្រូវតែរៀបចំខ្លួនឱ្យបានរួចជាស្រេចធ្វើយ៉ាងណាកុំឲ្យទៅប្រឡងយឺតពិសេសហ្នឹងគឺត្រូវតែ ព្យាយាមសរសេរបានច្រើនឱ្យអស់ពីសមត្ថភាព ចៀសវាងកុំឲ្យនៅសល់ចន្លោះឬក៏ខ្វះនូវចំណុចណាមួយត្រូវតែព្យាយាមបំពេញឲ្យគ្រប់លើចំណុចដែលគេសួរដើម្បីទទួលបាននិទ្ទេសល្អ។ »
លីដែន បានចែករំលែកបទពិសោធន៍ដែលបានធ្វើកន្លងមកហើយទទួលបានលទ្ធផលល្អនៅក្នុងកំឡុងពេលប្រឡង លីដែន បានខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដោយយកនូវអ្វីដែលខ្លួនមាន មកសរសេរនៅលើក្រដាសប្រឡងទាំងអស់ឱ្យបានល្អ ជាពិសេសគឺការគ្រប់គ្រងពេលវេលាឲ្យបានល្អពីមួយមុខវិជ្ជាទៅមួយមុខវិជ្ជា ឬមួយម៉ោងទៅមួយម៉ោង មានន័យថាយើងប្រើពេលប៉ុន្មានដើម្បីឲ្យពេលវេលារបស់យើងគឺវាមានតម្លៃនិងមានប្រសិទ្ធភាពសម្រាប់ការប្រឡងរយៈពេលពីរថ្ងៃរបស់យើង។
ជាចុងក្រោយ លីដែនបានផ្តាំផ្ញើទៅកាន់បេក្ខជនដែលប្រឡងបាក់ឌុបឆ្នាំនេះឱ្យសម្រាកឲ្យបានគ្រប់គ្រាន់ ហូបចុកឲ្យបានស្អាតនិងមានសុវត្ថិភាព ដើម្បីចៀសវាងកុំឲ្យមានបញ្ហាណាមួយនៅថ្ងៃប្រឡង៕