ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ សីហានេះ បានប្រកាសពីការហាមឃាត់ការបង្ហោះប្រធានវិញ្ញាសាក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
តាមរយៈការប្រកាស ក្រសួងបានណែនាំថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់ រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា។ ការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់៕