ភ្នំពេញ៖ យុវជនកម្ពុជា៣នាក់ ជាប់ជ័យលាភីប្រកួតពីប្រទេសសិង្ហបុរី ក្រោមការប្រកួតប្រជែងចំនួន៤០ក្រុម ក្នុងកម្មវិធី Asian Undergraduate Symposium ទទួលបានប្រាក់ឧបត្ថម្ភពីអ្នករៀបចំកម្មវិធីដើម្បីអនុវត្តគម្រោងលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកព្រៃកោងកាងដល់យុវជនក្នុងស្រុកនៅខេត្តកំពត។
ក្រុមយុវជន១ មានឈ្មោះថា Releaf Hub ដែលមានសមាជិកជាយុវជនកម្ពុជា ៣នាក់ (ហ៊ុត ម៉ីឡាង, ជឹង សុបញ្ញា, អ៊ឹង ទេពីបញ្ចពណ៌), ជប៉ុន២នាក់, សិង្ហបុរី១នាក់ និងថៃ១នាក់ បានជាប់ជ័យលាភីក្នុងចំណោម១០ក្រុម ដែលត្រូវបានជ្រើសរើសពីការប្រកួត៤០ក្រុម ក្នុងកម្មវិធី Asian Undergraduate Symposium ដែលរៀបចំឡើងដោយសកលវិទ្យាល័យ National University of Singapore ធ្វើឡើងនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៦ ដល់១៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងការប្រកួតនេះ គម្រោង Releaf Hub ជាគម្រោងដឹកនាំដោយយុវជន ដែលមានបំណងផ្តល់ការលើកកម្ពស់ដល់យុវជនកម្ពុជាឲ្យក្លាយជាអ្នកជំនាញផ្នែកបរិស្ថាន។ តាមរយៈការបណ្តុះបណ្តាល ការណែនាំ និងគម្រោងសហការផ្សេងៗ Releaf Hub ផ្តល់ចំណេះដឹង និងជំនាញដល់យុវជនដើម្បីប្រឈមមុខនឹងបញ្ហាបរិស្ថាន ជាមួយនឹងការផ្តោតសំខាន់លើការចូលរួមជាមួយសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ គម្រោងទី១ របស់Releaf Hub គឺជាវេទិកាយុវជនមួយផ្ដោតលើព្រៃកោងកាងនៅកម្ពុជា។ គម្រោងនេះនឹងធ្វើឡើងដោយក្រុមយុវជនកម្ពុជា និងសមាជិកអន្តរជាតិដែលចូលរួមនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នក្រុមយុវជនកំពុងតែរៀបចំវេទិការយុវជនមួយដែលនឹងគ្រោងធ្វើឡើងនៅខេត្តកំពតដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យនិងសកលវិទ្យាល័យនៅកម្ពុជាក៏ដូចជាសាស្ដ្រាចារ្យមកពីប្រទេសសិង្ហបុរីនៅចុងខែវិច្ឆិកានេះ។ បើតាមការបញ្ជាក់ពីយុវជនកម្ពុជាទាំង៣នាក់ នៅថ្ងៃអនាគតពួកគេ នឹងបន្ដធ្វើគម្រោងនេះឱ្យកាន់តែមានទ្រង់ទ្រាយធំនិងអាចមានការចូលរួមពីយុវជនអន្តរជាតិផងដែរដើម្បីជាការផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។
គួរបញ្ជាក់ថា កម្មវីធី Asian Undergraduate Symposium ជាកម្មវិធីផ្លាស់ប្ដូរការសិក្សារវាងនិស្សិតមកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី រួមមានកម្ពុជា វៀតណាម ឡាវ ចិន កូរ៉េ ជប៉ុន ឥណ្ឌា ជាដើម ក្នុងនោះក៏មានការបណ្ដុះបណ្ដាលអំពីការថែរក្សាបរិស្ថាន អភិរក្សវប្បធម៌ និងភាពចម្រុះ សមធម៌ បរិយាបន្ន (DEI) ៕