681 ezgif.com resize
Swift cc time

យុវតី៣ក្រុម បានជ័យលាភីក្នុងកម្មវិធីប្រកួតបង្ហាញសមត្ថភាពពីការកសាងអនាគតសហគ្រិនបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវតីបីក្រុម កាលពីថ្ងៃទី ២៣ សីហា ២០២៥ បានជ័យលាភី ក្នុងកម្មវិធីប្រកួតបង្ហាញសមត្ថភាពការកសាងអនាគតសហគ្រិនបច្ចេកវិទ្យា IP & TechPreneur Award ដែលជាកម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាពបច្ចេកវិទ្យារយៈពេល ៧ សប្តាហ៍ ដែលមានគោលបំណងគាំទ្រយុវតី (អាយុ ១៥-១៨ ឆ្នាំ) ក្នុងការប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនឱ្យទៅជាដំណោះស្រាយបច្ចេកវិទ្យាដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃ IP & TechPreneur Award ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥នៅ សហគ្រិនខ្មែរ (Khmer Enterprise) ។ កម្មវិធី IP & TechPreneur Award គឺជាកម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាពបច្ចេកវិទ្យារយៈពេល ៧ សប្តាហ៍ ដែលមានគោលបំណងគាំទ្រយុវតី (អាយុ ១៥-១៨ ឆ្នាំ) ក្នុងការប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនឱ្យទៅជាដំណោះស្រាយបច្ចេកវិទ្យាដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម។ កម្មវិធីនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សជំនាន់ថ្មី តាមរយៈការបណ្ដុះបណ្ដាលជំនាញស្នូលសម្រាប់សតវត្សរ៍ទី២១។

ក្នុងរដូវកាលដំបូងនេះ យុវតីឆ្នើម ចំនួន៤០រូប ដែលត្រូវបានជ្រើសរើស បានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់លើជំនាញសហគ្រិនភាព ជំនាញបច្ចេកទេសក្នុងការបង្កើតផលិតផលគម្រូ(Prototype) និងជាពិសេស ការយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា(IP)។ សមិទ្ធផលរបស់ក្រុមទាំង ៨ ដែលបានបង្ហាញក្នុងវគ្គ Final Pitch គឺជាភស្តុតាងនៃសក្ដានុពលដ៏ធំធេងរបស់យុវតីកម្ពុជា ក្នុងការបង្កើតថ្មី និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំនាពេលអនាគត។

ជាលទ្ធផល ក្រុម Diabesties ទទួលបានជ័យលាភីលេខ ១ ក្នុងចំណោមក្រុមដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្តខ្ពស់ទាំង៨ក្រុមនេះ។ ក្រុម Diabesties បានលើកយកគម្រោងកម្មវិធីទូរសព្ទដៃ ដែលជួយការពារអ្នកប្រឈម និងអ្នក ពីជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងរបបអាហារ ការហាត់ប្រាណ និងការទទួលទានថ្នាំទៀងទាត់ ដើម្បីធ្វើបទបង្ហាញ។ ក្រុមជ័យលាភីលេខ ១ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនពិតជាបានរៀននូវអ្វីដែលថ្មីៗជាច្រើន មិនមែនត្រឹមតែបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងសហគ្រិនភាពនោះទេ ប៉ុន្តែអ្នកនឹងមានផ្នត់គំនិតរឹងមាំ និងបានបង្កើតបណ្ដាញទំនាក់ទំនងបានល្អប្រសើរជាងមុន។

ចំណែកឯក្រុម The Fearless ទទួលបានជ័យលាភីលេខ១ បានលើកយកគម្រោង Stemify ដែលជាកម្មវិធីទូរសព្ទដៃសម្រាប់បំប៉នសិស្សានុសិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយអនុញ្ញាតឱ្យសិស្សអាចធ្វើការពិសោធន៍បែបនិម្មិត គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ចំណែកឯ ក្រុម Tech VTAN បានជ័យលាភីលេខ៣ បានលើកយកគម្រោង We Heal-th ជាកម្មវិធីទូរសព្ទដៃជំរុញអន្តរកម្មរស់នៅប្រកបដោយសុខភាពល្អ តាមរយៈការអប់រំសុខភាព និងការហាត់ប្រាណ។

ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងមានការអញ្ជើញចូលរួមតាមអនឡាញពីលោកស្រី Yanning ZHANG អ្នកតំណាងនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃ ADITI Academy និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ដៃគូសហការ គណៈកម្មការ អាណាព្យាបាល និងសាធារណជនយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោក សួន វិជ្ជា បានបង្ហាញសេចក្តីកោតសរសើរចំពោះយុវតីទាំង ៤០ រូប ដែលសុទ្ធតែមានសមត្ថភាពក្នុងការធ្វើបទបង្ហាញបានប្រកបដោយភាពជឿជាក់ និងមានភាពឈ្លាសវៃ។

គួរបញ្ជាក់ថា កម្មវិធីនេះអាចដំណើរការទៅបានជោគជ័យដោយការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភដោយ World Intelletual Property Organization(WIPO) រៀបចំដោយ Tech for Kids Academy និងសហការរៀបចំដោយ ADITI Academy និងការឧបត្ថម្ភទីតាំងដោយសហគ្រិនខ្មែរ (Khmer Enterprise)៕

Khcct banner

អត្ថបទទាក់ទង