ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដោយសម្លេង ១២០/១២០ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៥សីហានេះ។
សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកនេះ អង្គសភាបានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័តគឺ៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ៕