ភ្នំពេញ៖ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត នាព្រឹកព្រលឹមថ្ងៃទី ២៥ សីហា នេះ បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
យោងតាមក្រសួងអប់រំ គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានសរុប ៣១ ២០៣នាក់ មកពីថ្នាក់ក្រសួងមានចំនួន ៤២៥៦នាក់ មកពីថ្នាក់រាជធានីខេត្តមានចំនួន ២៦ ៩៤៧នាក់។ ក្នុងនោះផងដែរ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៦គឺ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ដូចនឹងឆ្នាំកន្លងទៅដែរ ការប្រឡងនឹងត្រូវបានរៀបចំដោយដាក់បេក្ខជន២៥នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលមានចំនួនសរុប ២៤១មណ្ឌល ដែលមាន ៥៩២៤បន្ទប់សរុប ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត ៧២មណ្ឌល និងថ្នាក់សង្គមចំនួន ១៦៩មណ្ឌល។
បើតាមក្រសួងអប់រំ ដំណើរការប្រលងនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ សីហា ២០២៥។ ក្រសួងបានកំណត់យកថ្ងៃទី ២០ កញ្ញា ២០២៥ សម្រាប់ការប្រកាសលទ្ធផលប្រឡងទូទាំងប្រទេស។ ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០នាក់ ដែលមានបេក្ខជនថ្នាក់វិទ្យាសាស្រ្ត ៤០ ៦៧៨ នាក់ និងសង្គម ១០៦ ០៤២ នាក់។
គួររំលឹកផងដែរថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងត្រូវប្រព្រឹត្តទៅ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”៕