ភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន ១៦រូប បានអាហារូបករណ៍ (Stipendium Hungaricum) ដើម្បីបន្តការសិក្សានៅប្រទេសហុងគ្រី។ និស្សិតជ័យលាភីអាហារូបករណ៍ទាំង១៦រូប បានចូលរួមសំណេះសំណាលជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី ២០ សីហា ២០២៥ មុននឹងចេញដំណើរទៅកាន់ប្រទេសហុងគ្រី។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានអបអរសាទរ និងកោតសរសើរដល់និស្សិតអាហារូបករណ៍ (Stipendium Hungaricum)ទាំងអស់ ដែលទទួលបានឱកាសបន្តការរៀនសូត្រនៅប្រទេសហុងគ្រីនាពេលខាងមុខ និងបានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សានៅបរទេស។ តាងនាមក្រសួងអប់រំ លោកបានជំរុញឱ្យសិស្សទាំង១៦រូប ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងល្អៗ មកអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនថែមទៀត។
បន្ថែមពីនេះ លោកបានរំលឹកដល់និស្សិតត្រូវថែរក្សាសុខភាពឱ្យបានរឹងមាំ មានរបបអាហារត្រឹមត្រូវ រៀនសម្របខ្លួនលើការរស់នៅ និងជីវិតប្រចាំថ្ងៃរបស់អឺរ៉ុប មានភាពក្លាហានហ៊ានសួរសំណួរពេលមិនយល់ ឬមិនច្បាស់ចំណុចណាមួយ ត្រូវមានរបៀបរៀនសូត្រឱ្យបានច្បាស់លាស់ ដូចជាការសង្ខេបមេរៀន ស្វែងយល់ពីវប្បធម៌គេ តែកុំភ្លេចវប្បធម៌ខ្លួនឯង មានភាពអត់ធ្មត់ក្នុងការរស់នៅ និងចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាឱ្យបានល្អ ទាំងការកម្សាន្ត និងការរៀនសូត្រ ជាពិសេសប្រកាន់ភ្ជាប់នូវវិន័យ សីលធម៍ សុជីវធម៌ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
មកទល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំនៃប្រទេសហុងគ្រី ជាប្រព័ន្ធអប់រំអឺរ៉ុបមួយដែលត្រូវបានទទួលស្គាល់ពីគុណភាព និងប្រសិទ្ធភាព ក៏ដូចជាតម្លៃនៃការអប់រំជាសកល ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម ផលិតកសិកម្ម និងផ្នែកជាច្រើនផ្សេងទៀត៕