ភ្នំពេញ៖ ក្រុមនិស្សិតកម្ពុជាមកពីសាលាតិចណូ ដែលបានជ័យលាភីក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ នឹងចូលរួមក្នុងការប្រកួត ABU Robocon ដែលប្រារព្ធឡើងនៅប្រទេសម៉ុងហ្គោលី នៅថ្ងៃ ២៤ សីហា ២០២៥។ ក្រុមនិស្សិតកម្ពុជា នឹងប្រកួតជាមួយជ័យលាភីពីបណ្តាប្រទេសចំនួន 12 ផ្សេងទៀតរួមមាន អេហ្ស៊ីប ហ្វីជី ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី ស្រីលង្កា នេប៉ាល់ ថៃ និងវៀតណាម។
យោងតាមគេហទំព័រផ្លូវការនៃការប្រកួតរ៉ូបូតថ្នាក់ជាតិ បានឱ្យដឹងថា និស្សិតមកពីសាលាតិចណូ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡាដ្ឋានជាតិមរតកតេជោ។
បើតាម ABU Robocon 2025 មុននឹងបានជ័យលាភីថ្នាក់ជាតិដើម្បីតំណាងកម្ពុជាទៅកាន់ឆាកអន្តរជាតិ សិស្សមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកួតជាមួយនឹងនិស្សិតមកពីបណ្តាវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង។
គួរបញ្ជាក់ថា និស្សិតកម្ពុជាបានចាកចេញពីកម្ពុជា ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតរ៉ូបូតជាមួយនឹងបណ្តាប្រទេសផ្សេងទៀត កាលពីថ្ងៃទី ១៩ សីហា ២០២៥ បើយោងតាមគេហទំព័រផ្លូវការរបស់សិស្សតិចណូដែលតំណាងកម្ពុជាក្នុងការប្រកួតនេះ ( DC Lab)៕