ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកទី២០សីហានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។
យោងតាមសេចក្តីប្រកាស រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួនពីររួមមាន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ។
គួរបញ្ជាក់ថា កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកផ្លូវឱ្យមានការរៀបចំច្បាប់ឲ្យដកសញ្ជាតិខ្មែរបាន សម្រាប់ជនណាដែលប្រព្រឹត្តអំពើក្បត់ជាតិធ្ងន់ធ្ងរ។
ខ្លឹមសារថ្មី នៃសេចក្តីស្នើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»៕