ភ្នំពេញ៖ យុវតី ៤០រូប អាយុចន្លោះ ១៥-១៨ឆ្នាំ ត្រៀមបង្ហាញសមិទ្ធផលគម្រោងបច្ចេកវិទ្យា ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «IP & TechPreneur Award 2025» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ នៅទីតាំងសហគ្រិនខ្មែរ ស្ថិតនៅជាន់ទី៩ អគារ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ។
កម្មវិធី IP & TechPreneur Award គឺជាកម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាពបច្ចេកវិទ្យារយៈពេល ១២ សប្តាហ៍ ដែលមានចក្ខុវិស័យជួយយុវតី (អាយុ ១៥-១៨ ឆ្នាំ) ឱ្យប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនទៅជាដំណោះស្រាយបច្ចេកវិទ្យាដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម។ កម្មវិធីទទួលបានការដាក់ពាក្យពីបេក្ខនារីជាច្រើន ដែលបង្ហាញពីចំណាប់អារម្មណ៍ដ៏ខ្លាំងក្លារបស់យុវតីកម្ពុជាក្នុងវិស័យនេះ។ ក្នុងចំណោមនោះ យុវតីឆ្នើម ៤០រូប ត្រូវបានជ្រើសរើស និងបែងចែកជា ៨ ក្រុម ដើម្បីធ្វើការងារជាក្រុមត្រៀមលក្ខណៈក្នុងការប្រកួត។
ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលដ៏ស្វិតស្វាញជាច្រើនសប្តាហ៍កន្លងមក ក្រុមយុវតីទាំង៨ក្រុម បានត្រៀមខ្លួនក្លាយជាសហគ្រិនបច្ចេកវិទ្យារួចជាស្រេចក្នុងការបង្ហាញនូវសមិទ្ធផលរបស់ខ្លួននៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។ កម្មវិធីបណ្ដុះបណ្ដាល ផ្តោតលើផ្នែកសហគ្រិនភាព និងបច្ចេកវិទ្យា, កម្មសិទ្ធិបញ្ញា (IP) , «កម្មសិទ្ធិបញ្ញានៅកម្ពុជា»។ ជាពិសេស យុវតីទាំង៤០រូប ទទួលបានការគាំទ្រយ៉ាងដិតដល់ពីគ្រូណែនាំ និងគ្រូបង្គោល ដែលជាលទ្ធផល ពួកគេបានប្រែក្លាយគំនិតទៅជាផលិតផលគម្រូ (Prototype) នៃកម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់ខ្លួន។
ក្រុមទាំង ៨ ក្រុម ដែលនឹងចូលរួមប្រកួតរួមមាន ក្រុម WeCare, Technova, Diabesties, The Fearless, Tech VTAN, Boba Tea Drinkers, Igloo Healing Circle, និង CureQueens។ គម្រោងនីមួយៗមិនត្រឹមតែឆ្លុះបញ្ចាំងពីជំនាញបច្ចេកវិទ្យា និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាសង្គមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយល់ដឹងរបស់ប្អូនៗអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា (IP) ក្នុងការការពារគំនិតច្នៃប្រឌិតថែមទៀតផង។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតនេះ សាធារណជននឹងមានឱកាសចូលរួមទស្សនា និងស្តាប់នូវនូវសមិទ្ធផលដែលកើតចេញពីការតស៊ូ ការរៀនសូត្រ និងកិច្ចសហការជាក្រុមរបស់ប្អូនៗយុវតីទាំង ៨ ក្រុម ដោយសេរី ដែលអាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://bit.ly/IPTechPreneurAudience៕