ភ្នំពេញ៖ កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន នៅរាត្រីថ្ងៃទី ១៨ ខែសីហា ២០២៥ ត្រូវបានរៀបចំឡើងដោយជោគជ័យ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន។
ឆ្នាំនេះ គឺជាខួបលើកទី ៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក ក៏ដូចជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរ បានប្រើប្រាស់ ទម្រង់ នៃការសម្តែង សិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាព ពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន មានការសម្តែងរបាំអប្សរា “អ្នកនាំសារសន្តិភាព” ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី , ការសម្តែងសិល្បៈគុនកុងហ្វូចិន, និង ក្បាច់គុនល្បុក្កតោខ្មែរ, បទចម្រៀង “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើចសមុទ្រឆាង” និង ការសូត្រកំណាព្យ បទ “សង្គ្រាមនិងសន្តិភាព”, របាំ “ព្រាបសន្តិភាព” របស់ក្រុមសិល្បៈរបាំខ្មែរ, ចម្រៀង បទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់” ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា។ បន្ថែមពីនេះ ភ្ញៀវកិត្តិយសជាង ២០០ នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាបសន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។
នៅក្នុងកម្មវិធីនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣លាន៧សែន១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២ ភាគរយ។
លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាក្នុងកម្មវិធីនេះថា វប្បធម៌ និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និង បង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ៕