ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ទៅលើសេចក្តីព្រាង «លក្ខន្តិកៈជាតិនិស្សិតសហគ្រិន (Etudiant-Entrepreneur)» ដើម្បីពង្រឹងការបណ្តុះបណ្តាល និងលើកកម្ពស់វិស័យសហគ្រិនភាពក្នុងចំណោមនិស្សិត។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សាកលវិទ្យាធិការ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាលើផែនការអនុវត្តលក្ខន្តិកៈនេះ ក៏ដូចជាផែនការប្រតិបត្តិនៃប៉ូលសហគ្រិនភាព។ រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ថា លក្ខន្តិកៈនេះ នឹងក្លាយជាក្របខណ្ឌផ្លូវច្បាប់ និងជាឧបករណ៍សម្រាប់ជួយអភិវឌ្ឍគម្រោងអាជីវកម្មរបស់និស្សិត ដោយផ្អែកលើចំណេះដឹងដែលពួកគេបានសិក្សា។
បើតាមក្រសួងអប់រំ គោលបំណងចម្បងនៃលក្ខន្តិកៈនេះ គឺដើម្បីលើកទឹកចិត្ត និងសម្របសម្រួលដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន និងនិស្សិតដែលទើបបញ្ចប់ការសិក្សា។លក្ខន្តិកៈនេះនឹងផ្តល់នូវកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលាពង្រឹងសមត្ថភាព ការប្រកួតប្រជែងផែនការអាជីវកម្ម (Business Plan Competition) និងការណែនាំពីអ្នកជំនាញ ដើម្បីជួយពួកគេប្រែក្លាយគំនិតទៅជាគម្រោងជាក់ស្តែង។ លើសពីនេះ ក៏មានការផ្តល់ឱកាសឲ្យនិស្សិតអាចចូលទៅកាន់បណ្តាញវិជ្ជាជីវៈ តាមរយៈការទទួលបានការជួយពីគ្រូបង្គោល គ្រូជំនាញ ក៏ដូចជាថ្នាលការងារ និងការបណ្តុះបណ្តាលដែលមានភាពឆ្លើយតប។
បន្ទាប់ពីបទបង្ហាញ រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់អនុសាសន៍មួយចំនួន គឺ រៀបចំក្រុមការងារដែលមានសមាសភាពពីបណ្តាសាកលវិទ្យាល័យ ដែលធ្លាប់មានបទពិសោធន៍លើគម្រោងសហគ្រិនភាព។ ទី២៖ បញ្ចូលឧត្តមានុវត្តន៍ពីប្រទេសអភិវឌ្ឍន៍ និងបទពិសោធន៍ជាក់ស្តែងពីសាកលវិទ្យាល័យនៅកម្ពុជា។ ទី៣៖ ធានាឲ្យមានភាពជាម្ចាស់ និងលើកទឹកចិត្តសាកលវិទ្យាល័យរដ្ឋទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកដល់ការបង្កើតឯកសារគំនិតដែលមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងបរិបទរបស់កម្ពុជា៕