ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំសង្ខេបព័ត៌មាន ប្រាប់ដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកំណើននៃការគំរាមកំហែង មកលើបទឈប់បាញ់ដែលផុយស្រួយ ដោយលើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ រួមមាន ការចល័តទ័ព ការធ្វើផ្លូវនិងជីកលេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភ ចូលមកក្នុងដែនអាកាសកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ សកម្មភាពទាំងនេះ បានរារាំងអ្នកភូមិកម្ពុជា មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន។
លោកស្រី អ៊ាត សោភា បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់ នឹងបានអំពាវនាវដល់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការ បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់នៃលក្ខខណ្ឌប្រតិបតិ (TOR)៕