ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយកម្ពុជា ដោយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា-ឡាវ នឹងចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា។
ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ លោក ស សុខា និងភាគីឡាវ បានឯកភាពគ្នាថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាទាំងការចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។
ការប្រកាសនេះ កំឡុងពេលលោក ស សុខា ចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម និងបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ចំពោះបញ្ហាព្រំដែន ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នូវគោលជំហរសន្តិភាព ទន្ទឹមគ្នានឹងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិជាតិ៕