ភ្នំពេញ៖ក្រសួងអប់រំ នៅថ្ងៃទី ១៤ សីហា ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី "ការបណ្ដុះបណ្ដាលរួមគ្នាគ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា" ជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេស (CLEC) របស់ក្រសួងអប់រំចិន ដើម្បីពង្រឹងការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិននៅកម្ពុជា។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍការបង្រៀនភាសាចិននៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកសមិទ្ធផលនៃការបង្រៀនភាសាចិន , បណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនក្នុងស្រុកសម្រាប់កម្ពុជា, និងលើកកម្ពស់គុណភាពនៃការបង្រៀនភាសាចិន។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ មជ្ឈមណ្ឌល CLEC នឹងផ្តល់អាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិមួយចំនួនដល់និស្សិតនៃកម្មវិធីនេះ ព្រមទាំងផ្តល់ការគាំទ្រផ្សេងៗទៀតផងដែរ។
ពិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក Yu Yunfeng អគ្គនាយក CLEC ព្រមទាំងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ក្នុងឱកាសនោះ លោក Wang Wenbin បានចាត់ទុក MoU នេះជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន។ លោកជឿជាក់ថា ភាពជាដៃគូនេះនឹងមិនត្រឹមតែពង្រឹងទំនាក់ទំនងអប់រំប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំចិន មជ្ឈមណ្ឌល CLEC និងស្ថានទូតចិន ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំភាសាចិន និងពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-ចិន៕