ភ្នំពេញ៖ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន ប្តេជ្ញាចិត្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិនក្នុងខេត្តយូណាន និងប្រទេសចិន តាមរយៈគម្រោងអញ្ជើញអ្នកសារព័ត៌មាន និងinfluencers ល្បីៗ របស់ចិនមកកម្ពុជា ដើម្បីផ្សព្វផ្សាយស្ថានភាពសង្គមពិតជាក់ស្តែង និងសុខសន្តិភាពរបស់ប្រទេសកម្ពុជា និងទីកន្លែងកម្សាន្តនៅកម្ពុជា។
ក្នុងជំនួបនាថ្ងៃទី១៤ ខែសីហា រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានផ្នែកប៉ុស្តិ៍អន្តរជាតិ Lancang Mekong នៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន បានជួបសម្តែងការគួរសម និងស្នើសុំក្នុងការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិ និងដ៏ធំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី Zhang Jing ដែលបានខិតខំប្រឹងប្រែងផលិតជាវិដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ និងទេសភាពស្រស់បំព្រងរបស់ប្រទេសកម្ពុជា អរិយធម៌បុរាណ វប្បធម៌ដ៏សំបូបែប ប្រជាជនប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានឯកភាព និងផ្តល់កិច្ចសហការលើគម្រោងអញ្ជើញអ្នកសារព័ត៌មាន និង influencers ល្បីៗ របស់ចិន មកប្រទេសកម្ពុជា ដើម្បីជ្រាប ពីសភាពការណ៍នយោបាយ សន្តិសុខ សង្គមពិតជាក់ស្តែង និងសុខសន្តិភាពរបស់ប្រទេសកម្ពុជាដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ ផ្តល់សុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់រូប៕