ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ(PSE) កំពុងត្រូវការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបើកទទួលពាក្យរហូតដល់ថ្ងៃ ២៩ កញ្ញា ២០២៥ ។ អង្គការរើសសម្រាប់កម្មវិធីអាហារូបករណ៍បីផ្សេងគ្នា រួមមាន កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ និង ថ្នាក់ចំណេះទូទៅតាមសាលារដ្ឋ។
យោងតាមគេហទំព័រ PSE Institute បានឱ្យដឹងថា អង្គការដើម្បីភាពញញឹមនៃកុមារកំពុងត្រូវការជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រដើម្បីចូលរៀនក្នុងកម្មវិធីអប់រំអាហារូបករណ៍ក្នុងកម្មវិធីបីផ្សេងគ្នាដែលមានលក្ខខណ្ឌខុសៗគ្នា។ កម្មវិធីអាហារូបករណ៍ទី១ គឺ វិទ្យាស្ថាន ប៉េ អេស អឺ - កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺសម្រាប់សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ដែលមានកម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ មកពីគ្រួសារក្រីក្រ។ ចំណែកឯ អាហារូបករណ៍ថ្នាក់ពន្លឿនខាងក្នុងមណ្ឌលជាកម្មវិធីអប់រំចំណេះទូទៅ សម្រាប់សិស្សមកពីរាជធានីភ្នំពេញប៉ុណ្ណោះ ដែលមានអាយុយ៉ាងតិច ១២ឆ្នាំ រៀនយឺតជាងកម្មវិធីសិក្សាយ៉ាងតិច២ឆ្នាំ និងមកពីគ្រួសារក្រីក្រ។ ប្រសិនបើជាប់អាហារូបករណ៍នេះ សិស្សនឹងតម្រូវឱ្យចូលរៀនពីម៉ោង ៦:៣០ ព្រឹក ដល់ ម៉ោង ៥រសៀល និងទទួលបានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារសម្រន់។ អាហារូបករណ៍នេះ ផ្តល់អាទិភាពដល់ក្មេងស្រីដែលមានកន្លែងស្នាក់នៅ។
បើតាមប្រភពដដែល អាហារូបករណ៍នេះក៏មានផ្តល់ជូនសម្រាប់ថ្នាក់ចំណេះទូទៅតាមសាលារដ្ឋដែរ គឺសម្រាប់សិស្សមកពីរាជធានីភ្នំពេញ ដែលរៀនតាមបណ្តាសាលារដ្ឋនានាចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលមកពីគ្រួសារក្រីក្រ គោរពតាមគោលនយោបាយរបស់អង្គការ ហើយអាណាព្យាបាលមានឆន្ទៈខ្ពស់ក្នុងការជំរុញកូនឱ្យទៅរៀនឱ្យបានទៀងទាត់។
ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បេក្ខជនអាចដាក់ពាក្យនៅនាយកដ្ឋានអប់រំ និងសង្គម ដែលមានទីតាំងនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បេក្ខជនអាចដាក់ពាក្យ ពីថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០ព្រឹក- ៥:៣០ល្ងាច។ ព័ត៌មានលម្អិត អាចទាក់ទងទៅកាន់លេខទូរស័ព្ទ 092 29 50 52៕