សៀមរាប៖ ក្រោយមានឥទ្ធិពលវិជ្ជមានលើគុណភាពគ្រូ និងលទ្ធផលសិក្សាសិស្ស ក្នុងរយៈពេលជិត១០ឆ្នាំក្នុងខេត្តសៀមរាប អង្គការគាំទ្រការអភិវឌ្ឍគ្រូបង្រៀន (TDSO) ទទួលបានការទទួលស្គាល់ផ្លូវការពីក្រសួងអប់រំ ចំពោះកម្មវិធីបណ្តុះបណ្តាលគ្រូសំខាន់ៗពីរ។ ការទទួលស្គាល់នេះក៏ធ្វើឱ្យអង្គការ TDSO ក្លាយជាដៃគូសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រកែលម្អការបណ្តុះបណ្តាលគ្រូ (2024-2030) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូចំនួន ១៣ម៉ឺននាក់ និងអានុភាពអប់រំសិស្សជិត ៤ លាននាក់។
អង្គការ TDSO មានបទពិសោធន៍ជិត១០ឆ្នាំនៅខេត្តសៀមរាប ដែលបានបង្ហាញពីឥទ្ធិពលវិជ្ជមានលើគុណភាពគ្រូ និងលទ្ធផលសិក្សារបស់សិស្ស។ មជ្ឈមណ្ឌលឧត្តមភាពរបស់អង្គការ បានធ្វើជាវេទិកាសាកល្បងសម្រាប់វិធីសាស្ត្របង្រៀនថ្មីៗ ដែលអាចយកទៅអនុវត្តទូទាំងប្រទេស។ អង្គការនេះដំណើរការតាមគោលការណ៍ពង្រឹងស្ថាប័នសាធារណៈដែលមានស្រាប់ តាមរយៈការគាំទ្រជាក់លាក់ ការកសាងសមត្ថភាព និងការផ្ទេរចំណេះដឹងជាបន្តបន្ទាប់ ដើម្បីធានាការកែលម្អការអប់រំប្រកបដោយស្ថិរភាព។
ការទទួលស្គាល់ដោយក្រសួងអប់រំ មកលើកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់ប្រព័ន្ធអប់រំកម្ពុជា ដែលប្រហែលមួយភាគបួននៃគ្រូបឋមសិក្សា និងពាក់កណ្តាលនៃគ្រូមធ្យមសិក្សាមិនទាន់មានសញ្ញាបត្រតាមស្តង់ដាគុណភាពជាតិ។ ជាមួយនឹងគ្រូជាង ១៣,០០០ នាក់ដែលបម្រើការជាគ្រូកិច្ចសន្យាដោយគ្មានសញ្ញាបត្រពេញលេញ កម្មវិធីទាំងនេះផ្តល់គន្លងដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ និងការរីកចម្រើនក្នុងអាជីព។ ការអនុវត្តទូទាំងប្រទេស កម្មវិធីរបស់អង្គការ TDSO នឹងឈានដល់គ្រូរាប់ពាន់នាក់ក្នុងគ្រប់ខេត្ត ដើម្បីចូលរួមអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូចំនួន ១៣ម៉ឺននាក់ និងអានុភាពអប់រំសិស្សជិត ៤ លាននាក់។
ការចូលរួមសហការរបស់អង្គការ TDSO ជាមួយក្រសួងអប់រំ គឺជាការធានាឱ្យមានស្ថិរភាពអស់រយៈពេលវែង និងការអនុវត្តតាមប្រព័ន្ធយ៉ាងមានរបៀបរៀបរយ។ អង្គការ TDSO បានចុះកិច្ចព្រមព្រៀងដើម្បីអនុវត្តតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនៅខេត្តចំនួន ១៨ ទូទាំងប្រទេសកម្ពុជា ដើម្បីធានាថាមានការអនុវត្តពេញលេញទាំងតំបន់ទីក្រុង និងជនបទ។ វិធីសាស្រ្តនេះស្របនឹងទស្សនវិស័យយុទ្ធសាស្ត្ររបស់អង្គការ TDSO ក្នុងការផ្ទេរចំណេះដឹងជាបន្តបន្ទាប់ ដែលប្រព័ន្ធនិងវិធីសាស្ត្រដែលត្រូវបានបញ្ចូលប្រព័ន្ធអប់រំរបស់កម្ពុជា នឹងត្រូវផ្ទេរការទទួលខុសត្រូវទៅឱ្យស្ថាប័នសាធារណៈពេញលេញនៅឆ្នាំ 2030។
លោក សុន ណាត ប្រធានអង្គការ TDSO បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា “ការទទួលស្គាល់នេះមិនមែនគ្រាន់តែជាការទទួលស្គាល់កម្មវិធីទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញារបស់យើងក្នុងការពង្រឹងស្ថាប័នអប់រំដែលមានស្រាប់របស់កម្ពុជា ជំនួសឱ្យការបង្កើតប្រព័ន្ធថ្មី។ បន្ទាប់ពីជោគជ័យជិតមួយទសវត្សរ៍នៅខេត្តសៀមរាប យើងឥឡូវនេះមានសមត្ថភាពគាំទ្រគ្រូទូទាំងប្រទេស តាមរយៈការរួមបញ្ចូលប្រព័ន្ធជាមួយស្ថាប័នរដ្ឋាភិបាលយ៉ាងស៊ីសង្វាក់។”
លោក សុន ណាត បានគូសបញ្ជាក់ថា កម្មវិធីទទួលស្គាល់ថ្មីទាំងពីរមាន គឺ អង់គ្លេសសម្រាប់គ្រូបង្រៀនថ្នាក់បឋមនៅសាលារដ្ឋ (English for Public Primary Schools - EPPS) និង អង់គ្លេសសម្រាប់គ្រូបង្រៀន (English for Teachers EFT) នឹងត្រូវអនុវត្តជាផ្នែកមួយនៃក្របខ័ណ្ឌការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់ក្រសួង ដោយផ្តល់ឱកាសឱ្យគ្រូទទួលបានពិន្ទុផ្លូវការដែលមានអត្ថប្រយោជន៍ក្នុងការលើកតម្លៃប្រាក់ខែ និងឋានៈវិជ្ជាជីវៈ។
គួរបញ្ជាក់ថា កម្មវិធី EPPS ផ្តល់នូវការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនរយៈពេល៦ខែ ដែលបង្កើតឡើងពិសេសសម្រាប់គ្រូបង្រៀនសាលារដ្ឋ និងគ្រូកិច្ចសន្យា។ កម្មវិធីនេះផ្តោតទៅលើវិធីសាស្ត្របង្រៀនក្នុងថ្នាក់ និងការអនុវត្តបង្រៀនឱ្យមានស្ថិរភាព។ ចំណែកឯ កម្មវិធី EFT ផ្តោតលើការបណ្ដុះបណ្ដាលសមត្ថភាពភាសាអង់គ្លេសរបស់គ្រូ ដើម្បីធានាថាគ្រូមានសមត្ថភាពភាសាគ្រប់គ្រាន់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព។ កម្មវិធីទាំងពីរផ្តល់ឱ្យសិក្ខាកាមនូវពិន្ទុផ្លូវការដែលបញ្ជូលក្នុងទិន្នន័យអភិវឌ្ឍវិជ្ជាជីវៈ និងបង្កើតគន្លងច្បាស់លាស់សម្រាប់ការរីកចម្រើនអាជីពក្នុងប្រព័ន្ធអប់រំសាធារណៈ៕