Img 1426
Swift cc time

និស្សិតកម្ពុជា២៤រូប បានអាហារូបករណ៍ MOFCOM បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ និស្សិតកម្ពុជា២៤រូប បានជ័យលាភីអាហារូបករណ៍ MOFCOM បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលសុទ្ធសឹងតែជាសាកលវិទ្យាល័យល្បីៗ និងមានកិត្យានុភាពខ្ពស់។

យោងតាមក្រសួងអប់រំ កម្មវិធីអាហារូបករណ៍ MOFCOM គឺជាកម្មវិធីអាហារូបករណ៍ថ្នាក់ជាតិកម្រិតខ្ពស់ និងជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជាដែលជាមន្ត្រីរាជការ និងបុគ្គលិកក្នុងវិស័យឯកជនបានទៅបន្តការសិក្សា ដើម្បីបង្កើននិងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពការងារនៅក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

បើតាមគេហទំព័រក្រសួងអប់រំ និស្សិតជ័យលាភីទាំង២៤រូប នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីសំណេះសំណាលជាមួយនឹងរដ្ឋមន្រ្តីក្រសួងអប់រំ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងកិច្ចសំណេះសំណាលនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីទាំងអស់ឱ្យត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ត្រូវចាប់យកជំនាញឱ្យបានច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រ ជាពិសេសលើការសិក្សាស្រាវជ្រាវ ក៏ដូចជាពង្រឹងភាសាបរទេសរបស់ខ្លួន ធ្វើការផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើន ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សា ដោយមានទាំងចំណេះនិងជំនាញ ក្លាយជាធនធានមនុស្សដ៏តម្លៃក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនៅពេលត្រឡប់មកជាតិមាតុភូមិវិញ៕


Khcct banner

អត្ថបទទាក់ទង