ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុប នាថ្ងៃទី១១ សីហា ពិភាក្សាពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍តាមសហគមន៍ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវទេសចរអឺរ៉ុប។
ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។
ក្នុងជំនួបនេះ ក៏បានលើកឡើងពីកំណើនចំនួនភ្ញៀវទេសចរពីសហភាពអឺរ៉ុបមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់ភ្ញៀវទេសចរ និងធុរជនពីសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជា តែងតែបន្តជួយប្រទេសកម្ពុជារហូតមក គឺចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងការផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៧ ដល់សព្វថ្ងៃនេះ៕